(ភ្នំពេញ)៖ គណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង ជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួម ក្នុងពិធីកិច្ចបច្ឆាមរណៈ គោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក ទៀង ករុណា នាយរងការិយាល័យឋ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលីជីវិត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាប ជនឧក្រិដ្ឋគ្រឿងញៀន។ បន្ទាប់មក ឯកឧត្តមនាយឧត្តមសេនីយ៍ បានជួបសំណេះសំណាល រំលែកទុក្ខគ្រួសារសព និងផ្តល់ថវិកាចំនួន ៥ ០០០ ០០០៛ (ប្រាំលានរៀល) ជូនដល់គ្រួសារសព ផងដែរ។
ក្នុងនាមជា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ,មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់ជានាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួម មរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ជាមួយគ្រួសារសពលោក អនុសេនីយ៍ឯក ទៀង ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នាដៃដែល ប្រកបដោយមោទនភាព វិរ:ភាព ឧត្តមគតិ ដែលលោកបានបំពេញភារកិច្ចមប្រើជាតិ សាសនា ព្រះមហាក្សត្រ អស់មួយជីវិត រហូតដល់ដំណាក់កាលចុងក្រោយ។ យើងខ្ញុំទាំងអស់ជានាយ នាយរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ និងចងចាំអស់មួយជីវិត។ សូមវត្ថុស័ក្តិសិទ្ធក្នុងលោក ជួយដឹកនាំបញ្ជូនដួងវិញ្ញាណក្ខន្ធរបស់លោក ទៀង ករុណា ដល់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ»៕