(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានបង្ហើបថា ក្រុមធុរកិច្ចនៃប្រតិភូសហគ្រាសធុនតូច និងមធ្យម ប្រទេសជប៉ុន នឹងមកសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធជាមួយ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាពិសេសស្វែងរកដៃគូ ក្នុងគម្រោងវិនិយោគនានានៅកម្ពុជា នៅក្នុងខែមេសា ខាងមុខនេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិ បតីភាពក្នុងពិធី «ពិសារអាហារសាមគ្គី សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា នៅក្នុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមធុរកិច្ច ប្រតិភូសហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន នឹងមកទស្សនកិច្ចសិក្សាស្វែងយល់ និងការស្វែងរកគោលដៅវិនិយោគ ដែលជាឱកាសរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗ មកយកអភិវឌ្ឍសហគ្រាសរបស់យើង ជំរុញឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា។

សម្តេចបានបន្តថា ពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម ប្រទេសនីមួយៗ ជាពិសេសបណ្តាប្រទេសលោកខាងលិច គេបានយកចិត្តទុកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចទីផ្សារ ជាពិសេស សហគ្រាសធុនតូច និងមធ្យម ក្នុងនោះគេបានពង្រីកសហគ្រាសទៅដល់មូលដ្ឋានឃុំ-សង្កាត់ ដែលជាផ្នែកមួយពង្រីកអាជីវកម្ម និង វិស័យការងារផងដែរ។

សម្ដេចក្រឡាហោម បានបន្តទៀតថា សហគ្រាសធុនតូច និងមធ្យម គឺជាសរសៃរសូត្រនៃសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយ យើងមិនមែនគិតតែទៅលើឧស្សាកម្មធុនធ្ងន់ឡើយ បច្ចុប្បន្នរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ តាមរយៈនៃការផ្តល់ កញ្ចប់ហិរញ្ញប្បទានផ្សេងៗ ដើម្បីជួយជ្រោមជ្រែងឲ្យវិស័យនេះដំណើរ ក្នុងការចូលរួមចំណែកដល់វិស័យការងារ និងសេដ្ឋកិច្ច។

លោក តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លើកឡើងថា សហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺមានតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍ ដើម្បីរួមចំណែករបស់ខ្លួន ដោយតម្លៃបន្ថែមនៅក្នុងផលិតកម្ម ឧស្សាហកម្ម សម្រាប់រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាននិងកំពុងបោះជំហានអភិវឌ្ឍនគួរឱ្យកត់សម្គាល់ ប៉ុន្តែវាក៏បានកំពុងជួបប្រទះបញ្ហាប្រឈមដូចជា៖ ការកង្វះផ្នែកបច្ចេកទេស ធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋាននៃសក្ដានុពល ក្នុងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។

លោក លោក តែ តាំងប៉ បានបន្ថែមទៀតថា ឈរលើស្មារតីនេះ សមាគមមូលនិធិសម្ដេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់នៃការលើកកម្ពស់ ការជំរុញ និងអភិវឌ្ឍ ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺសមាគមបានធ្វើសកម្មភាព ដោយគោរពតាមរដ្ឋធម្មនុញ ច្បាប់លិខិត បទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់កម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជន ដែលជាកម្លាំងពលកម្ម មានលទ្ធភាពផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍ពីសហគ្រាសធុនតូច និងមធ្យមកម្ពុជា ប្រកបដោយសមធម៌។

បន្ថែមពីនេះទៀត ជាឆ្លើយតបទៅនឹងកត្តាខាងលើ សមាគមមូលនិធិសម្ដេចតេជោ មានគោលនយោបាយក្នុងការចូលរួម ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏មានសារសំខាន់ ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា៕