(ក្រចេះ)៖ លោកឧត្តមសេនីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បាននាំយកអំណោយទៅចែកជូនគ្រួសារសព ដែលរងគ្រោះដោយសាររន្ទះបាញ់ស្លាប់ម្នាក់ និងរលំផ្ទះមួយខ្នង ខណៈពេលដែលមានភ្លៀងធា្លក់មួយមេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ ព្រមទាំងមានរន្ទះ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។
ក្រោយទទួលបានព័ត៌មានពីគ្រោះធម្មជាតិខាងលើនេះភ្លាម នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ក៏បានផ្តល់អំណោយមួយចំនួន តាមរយៈលោកមេបញ្ជាការអាវុធហត្ថស្រុក មានដូចជាអង្ករ១បេ មី១កេះ និងថវិការ១០ម៉ឺនរៀល។ លោក ស៊ុ គន្ធា មេបញ្ជាកាអាវុធហត្ថស្រុកសំបូរ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់នោះមាន ឈ្មោះ សៅ សារី ភេទប្រុស អាយុ៦២ឆ្នាំ បានស្លាប់នៅនិងកន្លែងរស់នៅ ភូមិឃុំកើតហេតុ ចំណែកឯផ្ទះដែលរលំ១ខ្នង មានទំហំ៥គុណ៧ ស្ថិតក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម មានម្ចាស់ឈ្មោះ ជន រី អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ យាន សុភាព អាយុ២៧ឆ្នាំមានកូន៤នាក់។ ក្នុងហេតុការណ៍នោះ ក៏មានមនុស្សបីនាក់ដែររងរបួស ទី១ឈ្មោះ នុត វេត ភេទប្រុស អាយុ៤៦ឆ្នាំ របួសចំក្បាល ទី២ឈ្មោះ ភុន ដេប ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសចំកណ្ដាលខ្លួន និងទី៣ឈ្មោះ ឡាយ ដាំ ភេទប្រុស អាយុ២៩ឆ្នាំ របួសចំក្បាល៕