(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបលោក ម៉ាក ថ័រ ( Mr. Marc Thaure) អនុប្រធានបេសកកម្ម នៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដែលចង់ស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។ ជំនួបនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ធ្វើឡើងនៅទីស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្នុងនោះ លោក ម៉ាក ថ័រ បានថ្លែងអំណរគុណដល់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួប ហើយបានវាយតម្លៃថា តំណែងជាប្រធាន គ.ជ.ប គឺមានការទទួលខុសត្រូវខ្ពស់ណាស់។ ទន្ទឹមនឹងនេះ លោក ម៉ាក ថ័រ ក៏ចង់ដឹងអំពីការងារអាទិភាពរបស់ គ.ជ.ប ជាអាទិ៍៖ ការអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន លក្ខខណ្ឌដើម្បីបោះឆ្នោតបាន កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) និងវិធានការការពារជំងឺកូវីដ-១៩ ក្នុងដំណើរការរៀបចំការបោះឆ្នោត។
ជាការឆ្លើយតប លោក ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណចំពោះលោក ម៉ាក ថ័រ ដែលចង់ស្វែងយល់ពីការបោះឆ្នោត និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលធ្លាប់បានជួយដល់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ ជំនួយដែលរាជរដ្ឋាភិបាលអង់គ្លេសបានជួយដល់ គ.ជ.ប ជាជំនួយបច្ចេកទេស ច្បាប់ និងបានផ្តល់ជំនួយជាថវិកាផងដែរ។
លោក ប្រាជ្ញ ចន្ទ បានបន្តទៀតថា ការបោះឆ្នោតនៅកម្ពុជា ត្រូវបានកែលម្អទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ពីមួយអាណត្តិទៅមួយអាណត្តិទទួលបានជោគជ័យល្អ។ ចាប់តាំងពីឆ្នាំ២០១៦ មករហូតដល់បច្ចុប្បន្ន ការចុះឈ្មោះបោះឆ្នោតត្រូវបានកែទម្រង់ពីការចុះឈ្មោះដោយដៃ មកជាការចុះឈ្មោះដោយប្រើប្រព័ន្ធកុំព្យូទ័រ ហើយបញ្ជីបោះឆ្នោតមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធថា មានគុណភាពល្អ ពោលគឺមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។
លោក ប្រាជ្ញ ចន្ទ បានជម្រាបជូនលោក ម៉ាក ថ័រ ទៀតថា ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោតដែលនៅជាធរមាន គ.ជ.ប បាននិងកំពុងបន្តរៀបចំចាត់ចែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយដើម្បីលើកកម្ពស់ និងបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ទៅក្នុងវិស័យបោះឆ្នោត គ.ជ.ប បានអនុម័តឲ្យប្រើប្រាស់កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។
លោកបានបន្ថែមថា ចំពោះការចុះឈ្មោះបោះឆ្នោតសម្រាប់ប្រជាពលរដ្ឋនៅក្រៅប្រទេស ច្បាប់បានកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវស្ថិតនៅសាលាឃុំ សង្កាត់ ឬនៅតាមភូមិក្នុងឃុំ សង្កាត់ ក្នុងប្រទេសកម្ពុជា ដូចនេះ គ.ជ.ប ត្រូវតែគោរព និងអនុវត្តតាមច្បាប់។ ចំណែកឯតួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាលក៏ត្រូវអនុវត្តទៅតាមច្បាប់ដែរក្នុងការចូលរួមសង្កេតមើលការបោះឆ្នោត និងចូលរួមអប់រំអ្នកបោះឆ្នោត។ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានតួនាទីសំខាន់ក្នុងការជួយផ្សព្វផ្សាយអប់រំ និងផ្ដល់ព័ត៌មានអំពីការបោះឆ្នោតជូនដល់អ្នកបោះឆ្នោត។ កន្លងមកអ្នកសារព័ត៌មានតែងតែទទួលបានព័ត៌មានពី គ.ជ.ប គ្រប់ដំណើរការនៃការបោះឆ្នោតជាទៀងទាត់។
លោក ប្រាជ្ញ ចន្ទក៏បានលើកឡើងអំពីលក្ខខណ្ឌដើម្បីអាចបោះឆ្នោតបាន គឺប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋនោះត្រូវប្រើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជំនួសវិញ។
លោកបានបញ្ជាក់ជូនលោក ម៉ាក ថ័រ ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទម្រង់បែបបទ ១១០២) ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺនៅតែរក្សាទិន្នន័យដូចដែលធ្លាប់បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមកដដែល ពុំមានការកែប្រែនោះទេ។
ចំពោះករណីជំងឺកូវីដ-១៩ គឺជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងដំណើរការរៀបចំការបោះឆ្នោត ប៉ុន្តែ គ.ជ.ប បានត្រៀម និងរៀបចំវិធានការការពារទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏មានការចូលរួមពីអាជ្ញាធរដែនដី ក្នុងការផ្តល់ជាសម្ភារការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។ ជំនួបសវនាការបានប្រព្រឹត្តទៅអស់រយៈពេលមួយម៉ោង ភាគីទាំងពីរបានថ្លែងអំណរគុណគ្នាទៅវិញទៅមក ហើយបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយ៕