(សៀមរាប)៖ ភ្លៀង និងខ្យល់កន្ត្រាក់រយៈពេលពីរថ្ងៃ នៅខេត្តសៀមរាប បណ្តាលឲ្យរលំ និង ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ជិត ២០០ខ្នង ខូចខាតរថយន្ត ៦គ្រឿង និងបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ស្រាល។
យោងតាមរបាយការណ៍របស់សាលាខេត្តសៀមរាប ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៧៖០០នាទី ភ្លៀង និងខ្យល់កន្ត្រាក់ នៅឃុំស្រែណូយ ស្រុកវ៉ារិន បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋអស់ ៦ខ្នង ប៉ើងដំបូល ១៥៧ខ្នង ខូចរថយន្ត ៦គ្រឿង របួសធ្ងន់ ១នាក់ របួសស្រាល ២នាក់ និង ឃុំវ៉ារិន រលំផ្ទះប្រជាពលរដ្ឋអស់ ៥ខ្នង ប៉ើងដំបូល ៤ខ្នង ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ដោយឡែកនៅម៉ោង ០១៖០០នាទី រំលងអធ្រាត្រឈានថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ភ្លៀង និងខ្យល់កន្ត្រាក់ នៅឃុំដូនកែវ និងឃុំពួក ស្រុកពួក បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋ ០២ខ្នង ដើមឈើរលំសង្កត់ ០១ខ្នង បើកដំបូលអស់ ០២ខ្នង និងខូចសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ក្រោយពីមានហេតុការណ៍ភ្លៀង និង ខ្យល់កន្ត្រាក់នេះកើតឡើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពខូចខាត តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
លោក ឃឹម ប៊ុនសុង បានណែនាំឲ្យអាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច ចុះរុះរើផ្ទះដែររលំ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះឡើងវិញ។
លោកអភិបាល ដែលមានតួនាទីជាប្រធានកាកបាទក្រហមខេត្តផងដែរនោះ បានចាត់តាំងឲ្យសាខាកាកបាទក្រហមខេត្ត នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ទៅឧបត្ថម្ភដល់គ្រួសាររងគ្រោះ នៅថ្ងៃទី៣០ ខែមេសា ផងដែរ៕