(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលោក មូន ចេ អ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សនិស្សិត ពលករ និងប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងស្នាក់នៅ សិក្សា និងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសាកសួរសុខទុក្ខតំណាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលស្នាក់នៅ និងប្រកបរបរទទួលទាននៅសាធារណរដ្ឋកូរ៉េ។ សម្តេចតេជោ ក៏បានបង្ហាញនូវក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ចំពោះសិស្សនិស្សិត ពលករ និងពលរដ្ឋខ្មែរជាច្រើនទៀត ដែលមិនបានធ្វើដំណើរជួបសម្តេចដោយផ្ទាល់ ដោយសាតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ហើយអាជ្ញាធរមិនអនុញ្ញាតឱ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។

ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសាកសួរដោយផ្ទាល់ពីការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូស្រកររបស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅសាធារណរដ្ឋកូរ៉េ។

សិស្សនិស្សិត ពលករ និងពលរដ្ឋខ្មែរ ដែលបានជួបសំណេះសំណាលជាមួយសម្តេចដោយផ្ទាល់នោះ បានបង្ហាញនូវទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ចំពោះការឆ្លៀតជួបសួរសុខទុក្ខពួកគេ បើទោះបីមមាញឹកនឹងការងារក្តី។

អ្នកដែលមានស្វាមី ឬភរិយា ជាមួយជនជាតិកូរ៉េខាងត្បូង បានជម្រាបជូនសម្តេចតេជោថា បើទោះបីពួកគេចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែពួកគេពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មមនៅសាធារណរដ្ឋកូរ៉េ។

ពួកគេ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានកសាងស្ពានមេត្រីជាមួយកូរ៉េខាងត្បូង ធ្វើឱ្យពួកគេសាងគ្រួសារជាមួយជនជាតិកូរ៉េខាងត្បូង មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ៕