(ស្វាយរៀង)៖ ឧបនាយករដ្នមន្ត្រី ម៉ែន សំអន រដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមអ្នក ក្រីក្រទីក្រុងហូជីមិញសហការជាមួយសប្បុរសជនវត្តយ៉ាងមឿង និងក្រុងហុងកុង សហរដ្ឋអាមេរិក ចុះពិនិត្យជំងឺ និងវះកាត់ភ្នែកជូនប្រជាពលប្រមាណ ២០០នាក់ និងផ្តល់រទេះ ២០ដល់ជនពិការ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលជានិច្ចជាកាលតែងតែដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យជំងឺភ្នែកជូនប្រជាពលរដ្នក្រីក្រ ដោយឥតគិតថ្លៃ នៅខេត្ត ស្វាយរៀង។ លោកស្រី បានឲ្យដឹងថា ក្រុមគ្រូពេទ្យនេះ ចុះមកព្យាបាលភ្នែកប្រជាពលរដ្ឋខ្មែរ អស់រយៈពេល ១៥ឆ្នាំមកហើយ ហើយព្យាបាលជូនប្រជាពលរដ្ឋបានជិតគ្រប់រាជធានី-ខេត្តហើយ នៅសល់ តែពីខេត្តទៀតប៉ុណ្ណោះ គឺខេត្តរតនគីរី និងមណ្ឌលគីរី។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រនេះដែរ ក៏បានសហការជាមួយសមាគមនារីអភិវឌ្ឍ ដែលមានលោកស្រីផ្ទាល់ជាប្រធាន ហើយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំផ្តោតសំខាន់ណាស់លើវិស័យសុខាភិបាលទាំងការថែទាំសុខមាលភាពប្រជាពលរដ្ន តាំងពីទីក្រុងរហូតដល់ជនបទ។
លោកស្រី បានបញ្ជាក់ថា សេវាសុខភាពរបស់រដ្ឋវាមិនអាចគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ទាល់តែមានកាសហការជាមួយដៃគូឯកជន និងសមាគមគ្រូពេទ្យ ស្មគ្រ័ចិត្តបន្ថែមទៀតទើបធ្វើឲ្យវិស័យសុខាភិបាលមានការីកចម្រើន។
លោកស្រី ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យសមាគមអ្នកក្រីក្រទីក្រុងហូជីមិញ ជួយពិនិត្យជំងឺភ្នែក និងជំងឺទូទៅឲ្យច្រើនលើកបន្តទៀតនៅខេត្តស្វាយរៀង និងទូទាំងប្រទេស។
ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានឧបត្ថមថវិការដល់ជនពិការក្នុងម្នាក់ៗ ចំនួន ២ម៉ឺនរៀលនិងចុះពិនិត្យមើលក្រុមការងារធ្វើម្ហូបជូនអ្នកមកពិនិត្យជំងឺភ្នែកផងដែរ៕