(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសារចូលរួមរំលែកមរណទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា៖ «មរណភាព ឧបាសិកា ឈឹម ឆោម គឺជាការបាត់បង់នូវម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌មិនចេះរីងស្ងួត។ រូបកាយ ឧបាសិកា ឈឹម ឆោម បានលាចាកលោកទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ អំពើជាកុសល នៅស្ថិតជាប់ក្នុងមនោសញ្ចេតនាបុត្រាបុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ឈឹម ឆោម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»