(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ បច្ចេកទេសក្រសួង ត្រួតពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ ដើម្បីបើកច្រកព្រំដែនអន្តរជាតិមួយនេះ និងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

គូរជម្រាបថា ច្រកព្រំដែន ថ្មដា បាននិងកំពុង ប្រែក្លាយជាតំបន់ដ៏ទាក់ទាញមួយបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវជាតិលេខ៥៥ តភ្ជាប់ពីទីរួមខេត្តទៅតំបន់នោះ។ ជាពិសេសតំបន់ នេះ គឺមានអំណោយផលខ្ពស់លើទេសចរណ៍បែបធម្មជាតិមួយ ដែលបាននិងកំពុងអន្ទងចិត្តអ្នកទេសចរឱ្យទៅលេងកម្សាន្តមិនដាច់នោះឡើយ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ តែងបានឆ្លងចូលទៅប្រទេសថៃតាមច្រកនេះ ដើម្បីដោះដូរទំនិញផ្សេងៗ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ការចុះសិក្សា និងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។

សូមជម្រាបដែរថា រាជរដ្ឋាភិបាលគ្រោងនឹងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន៖ អគារអន្តោប្រវេសន៍ អគារគយ និងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន ដើម្បីបើកឱកាស ឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើត ការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សំដៅលើកកម្ពស់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ៕