(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ ដឹកនាំមន្ត្រី និងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនអ្នកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ ប្រុសស្រីចំនួន២នាក់ និងដកហូតបានវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត ក្រោយពីទទួលបានសេចក្ដីរាយការណ៍ និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក។

កិច្ចសហប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការបង្ក្រាបប្រភេទល្បែងឆ្នោតវៀតណាមល្មើសច្បាប់ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះបានអនុវត្តឡើង ស្ថិតនៅផ្ទះគ្មានលេខ១កន្លែង ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ១០៣ ក្រុមទី ៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

បើតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្រៅពីឃាត់ខ្លួនអ្នកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ឈ្មោះ សុ ផាន់ណា សុជាតា ភេទស្រី អាយុ ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ យុន ធារ៉េន ភេទប្រុស អាយុ ២៣ឆ្នាំ, កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានរកឃើញ និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត មានដូចជា ក្រដាស់កត់ឆ្នោត, ក្តារកត់ឆ្នោត, ប៊ិច, សៀវភៅកត់ឆ្នោត និងប្រាក់ចំនួន ៥០០០០រៀល ក្នុងការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនិតិវិធី៕