(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Pascal Bijleveld ប្រធាននាយកប្រតិបត្តិទីមួយរបស់អង្គការ ATscale និងលោក បាក់ តូក្យូ នាយកប្រចាំប្រទេសមូលនិធិហ្រ្វេតហូឡូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងនូវការស្វាគមន៍ ចំពោះវត្តមានរបស់លោកប្រធាននាយកប្រតិបត្តិ និងសហការី និងកោតសរសើរចំពោះការគាំទ្រកម្មវិធីជាតិសុខភាពភ្នែករបស់មូលនិធិហ្រ្វេតហូឡូ។

លោកស្រីបានថ្លែងអំណរគុណដល់មូលនិធិហ្រ្វេតហូឡូ ដែលបានចូលរួមចំណែកកាត់បន្ថយបញ្ហាភ្នែក និងភាពពិការភ្នែករបស់ប្រជាជនកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងសុខុមាលភាព របស់ប្រជាជនកម្ពុជា។

លោក Pascal Bijleveld បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលតែងតែផ្ដល់ នូវការគាំទ្រនិងកិច្ចសហការដ៏ល្អទើបអង្គការហ្រ្វេតហូឡូអាចបំពេញបេសកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់ខ្លួន ដោយ ជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

តំណាងអង្គការបានគូសបញ្ជាក់ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ ខ្លួនបានកំណត់គោលដៅបំពេញបេសកកម្មមនុស្សធម៌ចំនួន១៦ រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង សៀមរាប កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ធំ កំពត កំពង់ឆ្នាំង ស្វាយរៀង ក្រចេះ ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ និងរតនៈគិរី ដែលមានថវិកាសរុបប្រមាណ ៥,៨៥០,៧២៧ ដុល្លាអាមេរិក។

លោកបានគូសរំលេចនូវសកម្មភាពសំខាន់ៗរួមមាន៖

*១៖ ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាបកបាយភ្នែក និងសេវាកែតម្រូវ កំហុសកំណុំរូបភាពមានគុណភាពខ្ពស់ ពិសេសសម្រាប់ស្ត្រី ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ

*២៖ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពធនធានមនុស្ស ក្នុងវិស័យសុខភាពភ្នែក និងពង្រីកទីតាំងសេវាដល់តំបន់ដាច់ស្រយាល

*៣៖ ឆ្ពោះទៅរក ប្រព័ន្ធសុខភាពភ្នែកមួយដែលមានគណនេយ្យភាព ប្រសិទ្ធភាព និងធនធានប្រកបដោយនិរន្តរភាព

*៤៖ ធ្វើអោយប្រសើរឡើងនូវលទ្ធផលសុខភាពភ្នែកដោយការពង្រឹងគុណភាពនៃសេវាកម្មវះកាត់បកបាយភ្នែកសេវាកែរ តម្រូវ កំហុសកំណុំរូបភាព។

លោកតំណាងអង្គការ បានគោរពស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងនេះ។

ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងអំណរគុណចំពោះអង្គរការ និងមូលនិធិហ្វេតហូឡូ ដែលតែងត ឧបត្ថម្ភគាំទ្រដល់ប្រតិបត្តិការរបស់កម្មវិធីជាតិសុខភាពភ្នែក។

លោកស្រីបានសម្តែងនូវការគាំទ្រចំពោះគម្រោង និងបានសំណូមពរអង្គការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីជាតិសុខភាពភ្នែក ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យតាមការរំពឹងទុក៕