(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយ បានកើតឡើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ យ៉ាងអណោចអាធ័មនៅនិងកន្លែងកើតហេតុ ខណៈម៉ូតូរបស់គាត់ ត្រូវរងការខូចខាតទាំងស្រុង បន្ទាប់ពីជនរងគ្រោះបើកម៉ូតូ១គ្រឿងម្នាក់ឯង ស្រាប់តែត្រូវរថយន្ដក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC បើកមកកៀរ និងកិនអូសម៉ូតូចូលក្រោមរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៍រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចច្រកចូលក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ CPAC តាមបណ្ដោយផ្លូវបេតុងកែងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ មន្ត្រីនគរបាលចរាចរបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកគុប ពណ៍ខៀវចាស់ ពាក់ស្លាកលេខសេរីចាស់ ភ.ព1ន-8675 ប៉ុន្តែជនរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។
រីឯរថយន្ដបង្កត្រូវបានគេស្គាល់ថា ជាប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន CPAC ពណ៌សពាក់ស្លាកលេខ 5A-1275 ចំណែកតៃកុងរថយន្ដ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ បន្ទាប់ពីកើតហេតុបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
មន្ត្រីនគរបាលចរាចរ បានឲ្យដឹងទៀតថា មុនកើតហេតុគេបានឃើញរថយន្ដបង្ករួមទាំងម៉ូតូរងគ្រោះ បើកបរស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦A ពីជើងទៅត្បូងខណៈម៉ូតូរងគ្រោះបើកបរនៅខាងស្ដាំដៃ រថយន្ដក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុរថយន្ដក្រឡុកស៊ីម៉ង់ត៍ បានបត់ស្ដាំដើម្បីចូលក្រុមហ៊ុនរបស់ខ្លួន ដោយមិនប្រុងប្រយ័ត្នមើលកញ្ចក់មុខក្រោយ ទើបបណ្ដាលឲ្យកៀរម៉ូតូ រួមទាំងជនរងគ្រោះបួងចូលក្រោមរថយន្ដកិនបែកក្បាលស្លាប់ យ៉ាងអណោចអាធ័ម និងខ្ទិចទាំងម៉ូតូថែមទៀតផង។
ក្រោយកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការវាស់វែង និងសម្រេចយករថយន្ដបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា តាមផ្លូវច្បាប់ នៅពេលក្រោយ។ ដោយឡែក សាកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ច បានហៅរថយន្ដសង្គ្រោះដឹកយកទៅតម្កល់ទុក នៅឯវត្តសំបួរមាស ខណ្ឌដង្កោ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕