(កំពង់ចាម)៖ ប្រជាពលរដ្ឋជាច្រើន បានសាទរ និងសម្ដែងការរីករាយ ខណៈពេលអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ អញ្ជើញចុះពិនិត្យដំណើរការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ បាននិងកំពុងដំណើរការសាងសង់ ផ្លូវបេតុងក្នុងសង្កាត់បឹងកុកមានចំនួន៨ខ្សែ ស្មើនឹង១,៤០០ ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀង ប្រវែង១,៥២៩ម៉ែត្រ មុខកាត់ ៨ទឹក និងស្ថាបនាផ្លូវបេតុងនៅខាងភូមិថ្មគោល មានប្រវែង ២៥០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ។

លោក ឌួល សុន បានបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានឲ្យក្រុមហ៊ុនវិនិយោគ រៀបចំដាក់អំពូលភ្លើងតាមដងផ្លូវ តាមមាត់ទន្លេ ចាប់ពីសង្កាត់កំពង់ចាម រហូតមកដល់ស្នាក់ការគណបក្សប្រជាជនសង្កាត់បឹងកុក និងកំណត់ឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោក ឌួល សុន បានរំលឹកថា នៅក្នុងសង្កាត់ ធ្លាប់ទទួលរងនូវជំនន់ទឹកភ្លៀងក្នុងកុំឡុងឆ្នាំ២០២១។ ខណៈនោះអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យភូមិសាស្រ្ត ក្រៅពីអន្តរាគមន៍ជួយរំដោះ ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ លោកអភិបាលខេត្ត បានរៀបចំផែនការដើម្បីស្ថាបនាសាងសង់ផ្លូវបេតុង និងរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងតំបន់នេះ។

ទន្ទឹមនឹងនេះដែរ តាមមតិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងកុក២ បានសម្ដែងនូវក្តីរំភើបរីករាយ និងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានបើកការសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូ ធ្វើឲ្យពួកគាត់អស់កង្វល់ អំពីជំនន់ទឹកភ្លៀង ដូចឆ្នាំកន្លងទៅ៕