(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឲ្យក្រុមហ៊ុនឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត មកចូលខ្លួនទូទាត់បំណុលជូនរដ្ឋ ដោយទុកឲ្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។

សេចក្ដីជូនដំណឹងរបស់ក្រសួងទាំងពីរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។

ក្រសួងទាំងពីរ សម្រេចទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឲ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ច ទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀត ដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។

ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរ នឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ ព្រមទាំងចាត់វិធានការដទៃទៀត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវ របស់ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ក្នុងការបំពេញកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋ តាមពេលវេលាកំណត់ខាងលើ៕