(ភ្នំពេញ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានអះអាងថា ខេត្តរបស់ខ្លួនមានអាងដែលមានសមត្ថកិច្ចអាចស្ដុកទឹករហូតដល់ជាង៧០០លានម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងរដូវប្រាំង ព្រមទាំងការបង្កបង្កើនផលដោយគ្មានការខ្វះខាតនោះឡើយ។

លោក យឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ប្រើប្រាស់ទឹកអស់ត្រឹមតែជាង២០០លានម៉ែត្រគូបប៉ុណ្ណោះ ក្នុងរដូវប្រាំង ដូច្នេះនៅសល់ជាង៥០០លានម៉ែត្រគូបទៀត។

បើតាមលោក យឺន គួន សម្រាប់ទឹកដែលនៅសល់ក្នុងអាងស្ដុកធំៗរបស់ខេត្តឧត្ដរមានជ័យនោះ គឺត្រូវបានចែកចាយឲ្យប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកបានថ្លែងបែបនេះថា «ទាំងអស់នៅខេត្តឧត្ដរមានជ័យ អាចស្ដុកបានរហូតដល់ជាង៧០០លានម៉ែត្រគូប តែការប្រើប្រាស់ក្នុងខេត្តឧត្តរមានជ័យ ខ្ញុំនិយាយតែរដូវប្រាំង គឺយើងប្រើប្រាស់តែជាង២០០លានម៉ែត្រគូបប៉ុណ្ណោះ។ ដោយឡែក អាងធំចំនួន៣ទៀត ដែលស្ដុកជាង៥០០លានម៉ែត្រគូប ត្រូវចែកចាយទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ហើយពេលនេះកំពុងបង្ហូរជូនប្រជាពលរដ្ឋ»

ប្រធានមន្ទីរធនធានទឹករូបនេះ បានបញ្ជាក់ទៀតថា ដោយមានការគិតគូរពីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរផ្ទាល់តែម្ដងនោះ បច្ចុប្បន្នខេត្តឧត្តរមានជ័យ កំពុងតែខិតខំប្រឹងប្រែងស្ដារ និងសាងសង់រចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រជាច្រើន ហើយរហូតមកដល់ពេលនេះ ខេត្តបានស្ដារប្រព័ន្ធធារាសាស្ដ្រជាង៩០កន្លែង ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការខ្វះខាតនៅរដូវប្រាំង ទាំងការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើកសិកម្មជាដើម។

មន្ដ្រីជំនាញរូបនេះបានបន្ថែមទៀតថា ដោយសារតែមានប្រព័ន្ធធារាសាស្ដ្រ និងទឹកសម្រាប់ស្រោចស្របគ្រប់គ្រាន់ហើយនោះ អាចបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើស្រូវប្រាំងបានមួយឆ្នាំរហូតដល់៣ដងឯណោះ។

លោកបានបន្ដថា សម្រាប់ទឹកស្អាតដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃវិញ គឺមាននៅតាមទីប្រជុំជនក្នុងក្រុងស្រុកទាំង៥ របស់ខេត្តឧត្ដរមានជ័យ ដែលយកប្រភពទឹកឆៅចេញពីអាងស្ដុកខាងលើ។ ដោយឡែក ការផ្គត់ផ្គង់ទឹកស្អាតនៅតាមសហគមន៍វិញ ក៏មានប្រមាណចំនួន៦កន្លែងផងដែរ ខណៈខេត្តក៏កំពុងគិតគូរ និងសិក្សាដើម្បីពង្រីកបន្ថែមទៀតផងដែរ៕