(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី កម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីឆ្នាំ២០២១។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីជូនដំណឹង បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីឆ្នាំ២០២១ ដោយផ្អែកលើការគណនាមធ្យមភាគ នៃមធ្យមភាគអត្រាការប្រាក់ ឲ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុកចំនួន១០ដូចខាងក្រោម៖

* ៨,៨៧% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
* ៨,២៨% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។

អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះ ប្រើប្រាស់ក្នុងគោលដៅអនុវត្ត កាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់ឲ្យនិយោជិតខ្ចីតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះគ្រប់អង្គភាពពន្ធដារ និងគ្រប់សហគ្រាសជាអ្នកជាប់ពន្ធទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕