(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះអនុស្សរណៈយោគយល់ជាមួយអង្គការការីតាសកម្ពុជា លើគម្រោងអភិវឌ្ឍន៍សហគមន៍ចម្រុះ និងគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឆ្នាំ២០២២-២០២៤។

ពិធីចុះអនុស្សរណៈយោគយល់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាងរបស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំ គ.ជ.គ.ម.។

គោលបំណងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុង និងអនុវត្តន៍ក៏ដូចជាជំរុញលើកទឹកចិត្តដល់អង្គការការីតាសកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអង្គការការីតាស និង គ.ជ.គ.ម. ឱ្យកាន់តែសកម្ម និងជិតស្និទ្ធបង្កើត និងរៀបចំវេទិកា, សិក្ខាសាលាបណ្តុះបណ្តាល និងសកម្មភាពនានារួមគ្នត្រៀមរៀបចំបម្រុងទុកនូវសម្ភារបរិក្ខា និងស្បៀងសម្រាប់ប្រតិបត្តិការឆ្លើយតបសង្គ្រោះគ្រោះហន្តរាយប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះដែរ ប្រធាននាយកប្រតិបត្តិ អង្គការការីតាសកម្ពុជា លោក គឹម រតនា បានឱ្យដឹងថា បច្ចុប្បន្នអង្គការការីតាសកម្ពុជា កំពុងអនុវត្តកម្មវិធីផ្នែកអភិវឌ្ឍន៍សហគមន៍ចម្រុះ អភិវឌ្ឍន៍សុខភាពសហគមន៍ និងកម្មវិធីគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅក្នុងរាជធានី-ខេត្តគោលដៅសរុបចំនួន ១២រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ តំបន់គោលដៅទាំងនោះរួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង តាកែវ សៀមរាប ព្រះវិហារ កំពង់ធំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តកណ្តាល។

លោក អេនវីច ហ្វ៊ីហ្គារ៉េដូ (Enrique) អង្គការការីតាស-កម្ពុជា បានបន្ថែមថា គម្រោងសំខាន់ៗ របស់អង្គការការីតាស-កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ត្រៀមបង្ការគ្រោះមហន្តរាយ សកម្មភាពឆ្លើយតប និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ ពង្រឹងសមត្ថភាពសហហគមន៍ អភិវឌ្ឍន៍សុខភាព សហគមន៍ ថែទាំ និងព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ថែទាំ និងព្យាបាលសុខភាពផ្លូវចិត្តកុមារ និងមនុស្សពេញវ័យ ថែទាំ និងព្យាបាលសុខភាពភ្នែកបណ្តុះបណ្តាល គ្រូពេទ្យភ្នែកថែទាំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទណ្ឌិតក្នុងពន្ធនាគារ លើកកម្ពស់សិទ្ធិជាមូលដ្ឋាន យេនឌ័រ និងការប្រឆាំងអំពើជួញដូរមនុស្ស និងគម្រោងអប់រំ និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈយុវជនក្រីក្រ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ស្ត្រី និងអ្នកម្ដាយវ័យក្មេងជាមួយកុមារ និងគម្រោងបរិយាប័ន្ន។

ការចុះអនុស្សរណៈយោគយល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការការីតាស-កម្ពុជា ២០២២ ដល់២០២៤នេះ លោក ហង្ស សាមឿន ក្នុងនាមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការការីតាស-កម្ពុជា ក្នុងកិច្ចសហប្រត្តិបត្តិការដ៏ល្អ និងចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសកម្មភាពការងារកាត់បន្ថហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ នៅព្រះរាជាណាចក្រកម្ពុជា។

លោក ហង្ស សាមឿន លើកឡើងថា ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀង, គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយនានានៅកម្ពុជា អង្គការ ការីតាស-កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយជាសម្ភារៈ និងស្បៀងអាហារ ដោយនៅ២០២០ គិតជាប្រាក់ចំនួន 265,000USD និងឆ្នាំ២០២១ គិតជាប្រាក់ចំនួន 807,745USD ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការីតាស-កម្ពុជា ដែលបានកំណត់ និងដាក់ចេញនូវគម្រោងកម្មវិធីចំនួន៤ សម្រាប់ឆ្នាំ២០២២-២០២៤ ដោយផ្តោតលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍សហគមន៍ចម្រុះ។

បន្ថែមពីនេះ លោកសង្ឃឹមថា ការអនុវត្តគម្រោងកម្មវិធីទាំងនេះនឹងផ្តល់នូវលទ្ធផលដល់ការត្រៀមបង្ការ និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងធានាដល់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងលើកកម្ពស់សមត្ថភាព គ្រប់គ្រងគ្រោះអាសន្ន រវាងការីតាស-កម្ពុជា និង គ.ជគ.ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមគូសបញ្ជាក់ថា អង្គការការីតាសកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលបង្កើតឡើងដោយព្រះសហគមន៍កាតូលិកកម្ពុជាផ្អែកលើមូលដ្ឋានតម្លៃនៃសេចក្តីស្រលាញ់ យុត្តិធម៌ សន្តិភាព សាមគ្គីភាព និងការចែករំលែក។ អង្គការការីតាសកម្ពុជា បានបង្កើតឡើងសារជាថ្មី នៅប្រទេសកម្ពុជា នាឆ្នាំ១៩៩០ ក្រោមអនុស្សរណៈយោគយល់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពមនុស្សធម៌ និងអភិវឌ្ឍន៍សុខុមាលភាពប្រជាជនក្រីក្រ។ អង្គការការីតាស-កម្ពុជា គឺជាសមាជិកនៃអង្គការការីតាស-អន្តរជាតិ មានការិយាល័យនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលមានបណ្តាញសមាជិកអង្គការការីតាស សរុបចំនួន ១៦៧ប្រទេសនៅលើសកលលោក៕