(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានព្រមានពីការផ្ទុះឆ្លងរីករាលដាលដាជាថ្មីជំងឺកូវីដ១៩ ប្រភេទ «អូមីក្រុង» ដោយបានជំរុញឱ្យអាជ្ញាធរក្រុងស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈមេរោគបំប្លែងថ្មីនេះ បាននិងកំពុងចូលទៅក្នុងសហគមន៍ ហើយការងារដ៏សំខាន់មួយទៀតនោះ គឺត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកុមារទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសជំរុញដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។

លោក គង់ សោភ័ណ្ឌ បានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ មន្ត្រីពាក់ព័ន្ធ និងមន្ទីរជុំវិញខេត្ត។

លោកអភិបាលខេត្ត បានលើកឡើងថា មកដល់ពេលនេះជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបាន និងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះកិច្ចការសំខាន់បំផុតដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ គឺអាជ្ញាធរក្រុង-ស្រុកទាំង១១ ក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវ បន្ថែមការផ្សព្វផ្សាយណែនាំ ប្រជាពលរដ្ឋ អំពីវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀត ត្រូវជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំង ដែលបានរៀបនៅតាមមូលរដ្ឋានរៀងៗខ្លួន។

លោកបានបញ្ជាក់ថា ខណៈដែលពិភពលោកទាំងមូលបានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំសហការគ្នាដើម្បីគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ពិសេសប្រភេទវីរុសបំលែងថ្មីអូមីក្រុង កុំឱ្យរីករាលដាលទ្រងទ្រាយធំចូលក្នុងសហគមន៍។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វើប្រហេសជាដាច់ខាត ត្រូវចេះការពារខ្លួនឯងកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ត្រូវបន្តធ្វើរ៉ាភីតតេស ដល់មន្ត្រីរាជការរាងរាល់១អាទិត្យម្ដង។

សូមជម្រាបថា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គិតត្រឹម ថ្ងៃទី ២៤ មករា ឆ្នាំ ២០២២ ខេត្តកណ្ដាលមានករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៣,៦៣៥នាក់ កំពុងសម្រាកព្យាបាល ០៤នាក់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានអ្នកជាសះស្បើយចំនួន ១៣,០៤០នាក់ បញ្ជូនទៅភ្នំពេញ១៣៩នាក់ មានអ្នកស្លាប់សរុប ៣១១នាក់។ ករណីឆ្លងប្រភេទអូមីក្រុង សរុប ០៤ នាក់។

គួររម្លឹកថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញលិខិតណែនាំទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង នៅតាមមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ មានខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនជាដើម។

ក្រសួងទេសចរណ៍បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ត្រូវបន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ ៣ការពារ ៣កុំ និងត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនឱ្យបានហ្មត់ ចត់ ពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ដូចខាងក្រោម៖

* បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ។

* ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្តៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម។

* ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនមិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

* ត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org