(ស្វាយរៀង)៖ ជនបរទេសចូលមករកស៊ី និងរកការងារធ្វើ ឆ្លងកាត់តាមច្រកទ្វាព្រំដែន នៃច្រកទ្វាព្រំដែនអន្តរជាតិ និងច្រកទ្វេភាគីកាត់រដ្ឋបាលខេត្តស្វាយរៀង សរុប១២,៩៦៧នាក់ ក្នុងនោះស្រី១,៨២៧នាក់ នៅក្នុងខែមករា ឆ្នាំ២០២២ ហើយបើគិតនៅដើមខែកុម្ភៈ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ មកដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានជនបរទេសចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ប្រមាណ៣០០នាក់ប៉ុណ្ណោះ ដោយសារជារដូវចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម។

លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានការិយាល័យចត្តាឡីស័ក ប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានឲ្យដឹងថា នៅក្នុងដើមខែកុម្ភៈនេះ ជនជាតិវៀតណាម ទើបតែចាប់ផ្តើមចូលមកកម្ពុជាច្រើន តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន១៤៦នាក់។ នៅថ្ងៃទី៨ កុម្ភៈនេះ គិតត្រឹមម៉ោង១១៖៥នាទី ព្រឹកមានជនជាតិវៀតណាម ចូលមកប្រមាណជា៥៦នាក់ប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ បានបន្ថែមទៀតថា បើគិតចាប់ពីថ្ងៃ១ មករាដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានជនបរទេសឆ្លងដែន ចូលមកតាមរដ្ឋបាលខេត្តស្វាយរៀង សរុប ១២,៩៦៧នាក់ ស្រី១,៨២៧នាក់ និងមានអ្នកដំណើរជនជាតិខ្មែរត្រឡប់មកពីប្រទេសវៀតណាម ចូលមកកម្ពុជាវិញ ចំនួន២៨៩នាក់ ស្រី៤៧នាក់។

លោក អ៊ឹម បុត្រ បានឲ្យដឹងទៀតថា អ្នកធ្វើដំណើរជនបរទេស ជនជាតិវៀតណាមឆ្លងដែន ចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត សរុប៤,២៧៥នាក់ ស្រី១,៧៤៣នាក់។ រថយន្តដឹកទំនិញគ្រប់ប្រភេទ ចំនួន៧,២៨៥គ្រឿង អ្នកបើកបររថយន្តជនជាតិបរទេស ចំនួន៨,៤០៣នាក់ ស្រី៣៧នាក់។

ក្នុងនោះ រថយន្តឆ្លងដែនចូលតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិត ចំនួន៥,២៣១គ្រឿង អ្នកបើកបរ៥,២៣១នាក់។ ចំពោះច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ មានរថយន្តចំនួន៨២៧គ្រឿង អ្នកបើកបរចំនួន៨២៧នាក់ រថយន្តដឹកទំនិញឆ្លងដែនចូលមកតាមច្រកទ្វាព្រំដែនទ្វេភាគីបុសមន ស្រុករំដួលចំនួន១,២២៧គ្រឿង អ្នកបើកបររថយន្តចំនួន២,៣៤៥នាក់ស្រី ៣៧នាក់។

លោក អ៊ឹម បុត្រ បានបញ្ជាក់ថា ដើម្បីសុវត្ថិភាព មន្ត្រីចត្តាឡីស័ក នៅគ្រប់គោលដៅ បានអនុវត្តន៍ តាមវិធានរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អនុវត្តលើបណ្ណ័ចាក់វ៉ាក់សាំង កូវីដ-១៩ ពេញលេញ និងលិខិតបញ្ជាក់ពិនិត្យធ្វើតេស្ត PCR ចេញដោយក្រសួងសុខាភិបាលវៀតណាម។ ចំពោះរថយន្តដឹកទំនិញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគរួច ទើបឲ្យបើកចូលចរាចរណ៍ទៅតាមគោលដៅ និងសាងទំនិញ៕