(ស្វាយរៀង)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តឆ្នាំ២០២២ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការអញ្ជើញ ចូលរួមពីលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងសមាជិកចូលរួមជាច្រើនរូបទៀត។

លោក ខាំ សុផារី បានថ្លែងថា ការរៀបចំឲ្យដំណើរការលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត បានធ្វើឡើងឲ្យបានល្អប្រសើរជាងមុន តាមលក្ខណៈជាក់ស្ដែងថែមទៀត និងជំរុញឲ្យចំណាត់ការលើរឿងក្តីទាំងសំណុំរឿងព្រហ្មទណ្ឌ សំណុំរឿងរដ្ឋប្បវេណី សំណុំរឿងតាមឯកសារអនុវត្តដោយបង្ខំ និងការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌតាមអំណាច នៃសេចក្តីសម្រេចស្ថានភាពទាំងអស់ឱ្យបានត្រឹមត្រូវតាមច្បាប់ និងឱ្យទាន់ពេលវេលា។

លោកបន្តថា «ដើម្បីជំរុញឲ្យចំណាត់ការរឿងក្តីផ្ដល់នូវអាទិភាព ចាត់ការឲ្យបានឆាប់ទាន់ពេលវេលាលើសំណុំរឿងព្រហ្មទណ្ឌ ដែលទាក់ទិនកុមារទំនាស់នឹងច្បាប់និងស្ត្រី ជាពិសេសសំណុំរឿងគ្រឿងញៀន ត្រូវជំរុញឲ្យចៅក្រមអាសនៈ និងចៅក្រមអយ្យការ ក្រឡាបញ្ជី មន្ត្រីរដ្ឋបាលសាលាដំបូង និងអយ្យការទាំងអស់ ឲ្យលើកកម្ពស់សមត្ថភាពយល់ដឹងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈវិន័យការងារឱ្យបានត្រឹមត្រូវ និងឈ្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមទៀត នូវរាល់អត្ថបទច្បាប់ទាក់ទងវិស័យយុត្តិធម៌ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ»។

លោកបានបញ្ជាក់ថា បន្ថែមលើសពីនេះត្រូវចុះពិនិត្យបញ្ជីចុះបណ្ដឹងបញ្ជីឃាត់ខ្លួននៅអង្គភាពនគរបាលយុត្តិធម៌ និងចុះត្រួតពិនិត្យប្រចាំខែដល់ពន្ធនាគារដោយចៅក្រមអយ្យការ និងជំរុញឲ្យអនុវត្តប្រាក់ពិន័យក្នុងរឿងព្រហ្មទណ្ឌឲ្យអស់លទ្ធភាព តាមអំណាច នៃសេចក្តីសម្រេចស្ថាពររបស់តុលាការព្រហ្មទណ្ឌ និងកំណត់ពេលវេលាប្រជុំមួយជាក់លាក់រវាងមន្ត្រីនគរបាលយុត្តិធម៌ អង្គការ អយ្យការ និងអង្គការតុលាការដើម្បីដោះស្រាយការងារប្រឈមដែលបានជួបប្រទះបន្ទាប់ពីការចុះថយនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕