(សៀមរាប)៖ ស្រុកក្រឡាញ់ ខេត្តសៀមរាប នឹងទទួលបានគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងទីប្រជុំជនពីប្រជាជនជប៉ុនតាមរយៈអង្គការ JICA ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សាស្តីពីគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅថ្ងៃទី០៨ ខែកុម្ភៈ លោក សុខ ណារ៉េត អភិបាលរងស្រុកស្រុកក្រឡាញ់ បានលើកឡើងថា រដ្ឋបាលស្រុក បានកំណត់ទីតាំងគម្រោង និងការចុះស្ទង់មតិលើការសិក្សាលើគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងទីប្រជុំជនស្រុក ដែលស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក Yokota Takashi ប្រធានក្រុមហ៊ុន Reed Net Co.,Ltd របស់ប្រទេសជប៉ុន បានលើកឡើងថា លោក និងក្រុមការងារ នៅខែមេសា ឆ្នាំ២០២២ខាងមុខនេះ និងចុះមកស្រុកក្រឡាញ់ ដើម្បីផ្ទៀងផ្ទាត់ វិភាគសំណាកទឹកកខ្វក់ថា មានជាតិពុលកម្រិតណា និងកំណត់ដ្ឋានលេខា ហើយក្នុងខែសីហា ឆ្នាំ២០២២ ក្រុមការងាររបស់លោកនឹងធ្វើទស្សនកិច្ចម្តងទៀត ដើម្បីពិនិត្យវឌ្ឍនភាព និងរៀបចំធ្វើបទបង្ហាញលទ្ធផលនៃការសិក្សា ព្រមទាំងពិភាក្សាអំពីការចាប់ផ្តើមអនុវត្តគម្រោងផងដែរ។

គួររំលឹកផងដែរ នេះជំនួបលើកទី៣ ហើយរបស់រដ្ឋបាលស្រុក និងក្រុមការងារJICA ចុះសិក្សាគម្រោងចម្រោះទឹកកខ្វក់នេះ ខណៈដែលលើកទី១ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ និងលើកទី២នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០៕