(ស្ទឹងត្រែង)៖ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២២ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី
និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងថា តាមរយៈការពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារ មន្ទីរសុខាភិបាលក្នុងឆ្នាំ២០២១ បានសម្រេចសមិទ្ធផល និងវឌ្ឍនភាពផលជាច្រើនគួឲ្យកត់សម្គាល់ ពិសេសតាមរយៈការពង្រឹងការគ្របដណ្តប់សេវា ការកែលម្អគុណភាព ប្រសិទ្ធភាព សុវត្តិភាពថែទាំសុខភាព ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តយន្តការកិច្ចគាំពារសង្គម។

លោកវេជ្ជបណ្ឌិត បានបន្តថា ជាលទ្ធផល ការងាររបស់មន្ទីរសុខាភិបាលទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២១។ មន្ទីរសុខាភិបាលបានលើកទិសដៅការងារអាទិភាពបន្ត ឆ្នាំ២០២២ ដោយអនុវត្តផែនការដាក់ពង្រាយ បន្ថែមគ្រូពេទ្យ និងពេទ្យឆ្មបនៅមណ្ឌលសុខភាពដែលគ្រែសម្រាក, អនុវត្តយន្តកាសមស្រប ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការបែងចែក ការពង្រាយ និងការក្សាទុកបុគ្គលិកសុខាភិបាល កែសម្អបរិស្ថានបំពេញការងារ អភិបាលគាំទ្រដល់បុគ្គលិ ពិនិត្យវិនិច្ឆ័យស្នាដៃការងារ ដោយភ្ជាប់ និងយន្តការលើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពបុគ្គលិក និងលើកកម្ពស់ការអនុវត្តច្បាប់ស្តីការអ្នកប្រកបវិជ្ជជីវៈក្នុងវិស័យសុខាភិបាល។

លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈសេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ។

លោក ដួង ពៅ បានជំរុញ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវពង្រឹងវិស័យសុខាភិបាលដើម្បីផ្តល់ទំនុកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងបន្ថែមទៀត ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋជូនបានល្អប្រសើរ និងត្រូវអនុវត្តការងារឲ្យស្រប និងវិជ្ជាជីវៈរបស់ខ្លួន បន្តកិច្ចខំប្រឹងប្រែងអនុវត្តការងារឲ្យទទួលបានជោគជ័យស្របតាមផែនការការងារដែលបានដាក់ចេញ៕