(រតនគិរី)៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ញាន ទិត្យចិន្ដា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ នៅសាលប្រជុំសាលាខេត្តអគារA។

វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីតំំណាង ទីចាត់ការអង្គភាពចំណុះសាលាខេត្ត អភិបាលរងក្រុង ស្រុកទទួលបន្ទុកផែនការ ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ មន្រ្ដីមន្ទីរផែនការខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនេះ លោកស្រី ញាន ទិត្យចិន្តា បានថ្លែងថា ការផ្សព្វផ្សាយរៀបចំ និងកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ដែលរដ្ឋបាលនីមួយៗ គ្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ របស់ខ្លួនសម្រាប់អនុវត្តក្នុង២០២៣ ដើម្បីមានមូលដ្ឋានបច្ចេកទេសសម្រាប់រដ្ឋបាលក្រុងស្រុក ធ្វើការផ្សព្វផ្សាយបន្ត ដល់រដ្ឋបាលឃុំសង្កាត់ក្នុងដែនរដ្ឋបាលរបស់ខ្លួននីមួយៗ រួមមាន៖ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន។

ឯកសារបច្ចេកទេសទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់ធ្វើការជ្រើសរើស គម្រោងអាទិភាពការកំណត់គម្រោងសេវាសង្គមជាដើម ដើម្បីធ្វើជាធាតុចូល សម្រាប់ការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន។ ដូច្នេះស្នើឲ្យភាគីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលើសូចនាករនានា ដែលមានបញ្ហាប្រឈមខ្ពស់ រួចយកមកដោះស្រាយតាមលំដាប់លំដោយ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខ្លួន ហើយត្រូវធ្វើបច្ចុប្បន្នភាព គំរូនានាជារៀងរាល់ឆ្នាំ។

លោកស្រីអភិបាលរងខេត្ត ក៏បានកោតសរសើរចំពោះក្រុមការងារបច្ចេកទេស នៃមន្ទីរផែនការខេត្ត ដែលបានខិតខំប្រឹងប្រែង និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំនេះឡើង ពីព្រោះឯកសារបច្ចេកទេស នេះមានការកែតម្រូវបន្ថែមនៅក្នុងជំហានទី១អំពីការងារបច្ចេកទេសថ្មី ហើយមានភាពស្មុគស្មាញជាងមុន។

បន្ថែមពីនោះលោកស្រី ក៏បានស្នើដល់លោក លោកស្រី ដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះទាំងអស់ យកចិត្តទុកដាក់ តាមដានឲ្យបានម៉ត់ចត់ ទៅលើផ្នែកបច្ចេកទេស នីតិវិធី និងវិធីសាស្ត្រដែលអ្នកសម្របសម្រួល នឹងធ្វើបទឧទ្ទេសនាមជូន៕