(ភ្នំពេញ)៖ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះថា រហូតមកដល់ពេលនេះ អ្នកជាប់ឃុំនៅទូទាំងប្រទេស ប្រមាណជាង៣ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣រួចរាល់ ស្មើប្រមាណ៨០ភាគរយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក នុត សវនា បានដំណើរការចាក់វ៉ាក់សាំងជូនអ្នកជាប់ឃុំនេះ ធ្វើឡើងដោយមានកិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ទីរពេទ្យ១៦ឧសភា របស់ក្រសួងមហាផ្ទៃ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តមួយចំនួន។

លោក នុត សវនា បានបញ្ជាក់បែបនេះថា «គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ យើងចាក់វ៉ាក់សាំងដូសទី៣ ជូនជនជាប់ឃុំបាន ចំនួន៣១,៣៣៤នាក់ ស្មើប្រមាណជាង៨២ភាគរយ នៃជនជាប់ឃុំសរុប។ ក្នុងនោះស្ដ្រីមាន ១,៨២៧នាក់»។

ដោយឡែក សម្រាប់ដំណើរការចាក់វ៉ាក់សាំងជូនមន្ដ្រីពន្ធនាគារវិញ ត្រូវបានលោក នុត សវនា បញ្ជាក់ថា ការចាក់ដូសទី៣បានបញ្ចប់រួចរាល់អស់ហើយ ហើយក៏កំពុងបន្ដចាក់ដូសទី៤បន្ថែមទៀត ដល់អ្នកដែលបានចាក់ដូសទី៣ រួចរាល់ រយៈពេល៤ខែឡើង។ ការចាក់ដូសទី៤ ជូនមន្ដ្រីពន្ធនាគារនៅពេលនេះ គឺសម្រេចបានជាង៣០ភាគរយ។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៦៩,១៦៧នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២១០,៣៨៧នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២០,១៣៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០១២,៦៤៣នាក់
៤៖ អាយុ៥ឆ្នាំ ៣២៦,០០នាក់៕