(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានមួយចំនូន របស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពេញ១ខែមករា កន្លងមកនេះ ក្នុងនោះបានដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៍ដោយអត់ធ្មត់ តែម៉ឺងម៉ាត់ និងប្រកបដោយបញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋានានា ហើយបញ្ហាសំរាមក៏ជាបញ្ហាមួយ ដែលអាជ្ញាធររាជធានី ភ្នំពេញ ខិតខំដោះស្រាយបានយ៉ាងល្អប្រសើរផងដែរ។

ការកោតសរសើរខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើក៣៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី ពិតជាមានការកោតសរសើរចំពោះគណៈអភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានដោះស្រាយបញ្ហាបាតុកម្ម នៅណាហ្គាវើល ដោយភាពអត់ធ្មត់តែម៉ឺងម៉ាត់ និងប្រកបដោយបញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋានានា, សូមកោតសរសើរ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំដោះស្រាយ ដាក់ធុងសំរាមតាមផ្លូវនានា ពិសេសខណ្ឌក្នុងរាជធានី ធ្វើឱ្យសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងរាជធានីភ្នំពេញ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងសូមអបអរសាទរ និងថ្លែងអំណរគុណលោកអភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ដែលបានផ្តួចផ្តើមសាងសង់ស្ពានអាកាសឫស្សីកែវ ដែលបានសម្រួលដល់ការកកស្ទះចរាចរតាមផ្លូវជាតិលេខ៥ពិសេសតំបន់ឬស្សីកែវ និងតំបន់ក្បែរៗនោះ។

ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៍ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា បញ្ហាបាតុកម្មនៅណាហ្គាវើលដ៍ វាមិនមែនជារឿងធម្មតាពេកទេ ដោយសារតែបាតុករត្រូវបានរៀបចំ និងមានការចាត់តាំង ដែលយើងពិបាកក្នុងការដោះស្រាយបញ្ចប់។ បន្ថែមពីលើនេះទៀត ការជួបជុំធ្វើបាតុកម្មនេះបានបង្កឲ្យមានការរីករាលដាលជំងឺកូវីដ១៩ប្រភេទ អូមីក្រុងថែមទៀត។

លោក កើត ឆែ បញ្ជាក់ថា មកដល់ពេលនេះ ក្រុមបាតុករចំនួនជាង៥០នាក់ហើយ ដែលមានវិជ្ជមានកូវីដ១៩។ នេះមិនបានគិតចំពោះបាតុករមួយចំនួនទៀត ដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការយកសំណាកផងទេ។

លោក កើត ឆែ ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ក៏បានឃាត់ខ្លួនក្រុមបាតុករមួយចំនួនផងដែរ តែការឃាត់ខ្លួននោះ គឺអនុវត្តទៅតាមនីតិវិធីនៃច្បាប់ទាំងអស់។

លោក កើត ឆែ ក្នុងឱកាសនោះ ក្នុងនាមគណៈអភិបាលរាជធានី ក៏បានជូនបាច់ផ្កាទៅលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញផងដែរ ក្នុងឱកាសដែលលោក ម៉ប់ សារិន ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្រ្តី ទទួលបេសកកម្មពិសេស៕