(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃប្រទេសព្រុយណេ នឹងយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដំណឹងនេះដែរ បានបង្ហាញឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អំពីការពង្រឹងចំណងទាក់ទងកម្ពុជា-ព្រុយណេ ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៣០ នៃ ទំនាក់ទំនងការទូតនៅឆ្នាំនេះ លោក ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដែលព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ មានព្រះរាជហរទ័យចង់យាងមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា»

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលយកដោយសេចក្តីរីករាយចំពោះការអញ្ជើញរបស់លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៉ីន យូស៊ូហ៍ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេដារ៉ូស្សាឡាម តាមពេលវេលាសមស្របដោយភាគីទាំងពីរ និងបានឯកភាពជាមួយសមភាគីព្រុយណេអំពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះចៅស៊ុលតង់ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូស្សាឡាម ស្តីពីការពិគ្រោះយោបល់ទ្វេភាគី។

ជាមួយគ្នានេះ បើតាម Facebook ផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងបន្ថែមថា ក្នុងឆ្នាំនេះកម្ពុជាទន្ទឹងរង់ចាំដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ និងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ដាតូ អ៉ីរីវ៉ាន់ នៅកម្ពុជាផងដែរ៕