(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលម៉ាសចំនួន ១,១៥២,០០០ ជាអំណោយពី លោកបណ្ឌិត Khairul Hafiz ប្រធានអង្គការមាគ៌ាជីវិត ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និង ឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ដែលពិធីនេះធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល។

លោកបណ្ឌិត Khairul Hafiz បានសម្តែងនូវការកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ លោកបណ្ឌិតក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបានផ្តល់ដល់បុគ្គលិកអង្គការទាំងអស់ដោយឥតគិតថ្លៃ។

លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អង្គការមាគ៌ាជីវិត ត្រូវបានចងចាំទុកដោយ រាជរដ្ឋាភិបាលកម្ពុជា និងមន្រ្តីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ ។ លោកស្រីបានគូសរំលេចថា ការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសង្គមជាតិទាំងមូលពិតជាផ្តល់សារសំខាន់ខ្លាំងណាស់ ដល់ការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអាចឱ្យយើងបិទបញ្ចប់ព្រឹត្តការណ៍ «សហគមន៍២០កុម្ភៈ ឆ្នាំ២០២១» និងបានបើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ច និងសង្គម។

ជាថ្មីម្តងទៀត លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ អង្គការមាគ៌ាជីវិត គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ បច្ចុប្បន្នដែលយើងបាននឹង កំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ និងបានជូនពរដល់លោកប្រធានអង្គការ បុគ្គិលិកអង្គការទាំងអស់បានទទួលជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មមនុស្សធម៌នៅកម្ពុជា៕