(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារស្តីទី នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានបន្តផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ទោះបីជាមានភ្លៀងកក់ខែបន្តិចបន្តួច នៅក្នុងខេត្តព្រះវិហារ យ៉ាងណាក៏ដោយ។
សេចក្តីរាយការណ៍ ពីខេត្តព្រះវិហារបានឲ្យដឹងថា ដោយសារតែប្រជាពលរដ្ឋតាមបណ្តា ក្រុងស្រុកមួយចំនួន នៅបន្តជួបបញ្ហាខ្វះទឹកប្រើប្រាស់នោះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តស្តីទី បានដឹកនាំកម្លាំងនគរបាលខេត្ត ព្រមទាំងអភិបាលក្រុង ព្រះវិហារ ចុះផ្តល់ទឹកដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ នៅភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ដល់ទីកន្លែង និងបានបង្កើតកន្លែងផ្គត់ផ្គង់ទឹករួមមួយកន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ដែលខ្វះទឹកមកទទួលយកទៅប្រើប្រាស់ នៅពេលត្រូវការបានគ្រប់ពេល។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធ ឲ្យប្រើប្រាស់ផ្លូវនៅខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យអាជ្ញាធរខេត្តទាំងអស់ សប្បុរសជន កាកបាទក្រហមកម្ពុជា កម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ធ្វើការដោះស្រាយបញ្ហាទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា៕