(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីពិភាក្សាលើការងារក្នុងវិស័យរបស់ខ្លួន បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតិភាព លោក Ratchayut Kasemchaisiri ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដោយមានការចូលរួមពីសមាជិកចំនួន៥ក្រុមហ៊ុន ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ។

លោកបានអះអាងថា កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យលើកិច្ចការងារផលិតភាពស៊ីម៉ងតិ៍ ហើយរហូតដល់ពេលនេះ ការផលិតស៊ីម៉ងត៍នៅកម្ពុជា នៅតែបន្តដំណើរការធម្មតា និងមិនមានការប៉ះពាល់ឡើយ។

លោកអគ្គលេខាធិការបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំយ៉ាងសកម្ម ក្នុងការបង្ការ និងទប់ស្កាត់កូវីដ១៩ រហូតទទួលជោគជ័យ និងបានបើកដំណើរការប្រទេសឡើងវិញ។

សូមបញ្ជាក់ថា លោក Ratchayut Kasemchaisiri ត្រូវបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បន្ទាប់ពី អ្នកឧកញ៉ា លាង ម៉េង អតីតប្រធានក្រុមប្រឹក្សាភិបាល បានផុតអាណត្តិ កាលពីឆ្នាំមុន៕