(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា ប្រទេសកូរ៉េខាងជើងកំពុងតែត្រៀម រៀបចំ ការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ Musudan សាជាថ្មីទៀតហើយ បន្ទាប់ពីបានទទួល បរាជ័យពីរលើកនៅក្នុងអំឡុងខែមេសា នោះ។ នេះបើតាមការចេញផ្សាយមុននេះ បន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-Kyun បានប្រាប់ក្នុងសន្និសីទ សារព័ត៌មាននាទីក្រុងសេអ៊ូលថា វាអាចទៅរួចដែលកូរ៉េខាងជើង នឹងរៀបចំការបាញ់សាកល្បង គ្រាប់មីស៊ីលទំនើបរយៈចម្ងាយមធ្យម Musudan ជាលើកទីបី បន្ទាប់ពីខ្លួនបានទទួលបរាជ័យ ពីរលើករួចមកហើយ កាលពីថ្ងៃទី១៥ និង ២៨ខែមេសានេះ។
ទោះបីជាការសាកល្បងទទួលបរាជ័យផ្ទួនៗក៏ដោយ ក៏ប្រទេសកូរ៉េខាងជើងធ្លាប់បានអួតថា មីស៊ីលប្រភេទខាងលើនេះ អាចបាញ់ទៅដល់ទឹកដីអាមេរិក មួយចំនួននៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ដូចជាកោះ Guam និង រដ្ឋ Alaska ជាដើម។ វាទំនងជាការព្យាយាមសម្រេចលទ្ធផល ធំមួយរបស់កូរ៉េខាងជើង មុននឹងសមាជបក្សត្រូវរៀបចំឡើងនៅថ្ងៃទី០៦ ខែឧសភា ដើម្បីបង្ហាញពី អានុភាពនៃការដឹកនាំរបស់លោក គីម ជុងអ៊ុន វ័យ ៣៣ឆ្នាំ៕