(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញលិខិតណែនាំទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង នៅតាមមូលដ្ឋានអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ មានខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនជាដើម។

ក្រសួងទេសចរណ៍បានណែនាំដល់រដ្ឋបាលរាជធានីខេត្ត ត្រូវបន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ ៣ការពារ ៣កុំ និងត្រូវពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនឱ្យបានហ្មត់ ចត់ ពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ដូចខាងក្រោម៖

* បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងគ្រប់ដូសតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ។

* ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្តៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម។

* ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនមិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

* ត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity) តាមរយៈគេហទំព័រ www.camccms.org ៕

ខាងក្រោមនេះជាលិខិតរបស់លោករដ្ឋមន្ត្រី ថោង ខុន ដែលណែនាំដល់អភិបាលរាជធានី-ខេត្ត៖