(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២១ កុមារកម្ពុជាប្រមាណជាង ៤០ម៉ឺន នាក់ បានទៅទទួលសេវាពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ ពីតំណាងមន្ទីរពេទ្យគន្ធបុប្ផា។

របាយការណ៍នេះ បានឱ្យដឹងថា ចំនួនអ្នកជំងឺជាកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៣៨៥ ៥១៩នាក់ និង អ្នកជំងឺកុមារចូលមកសម្រាកព្យាបាលក្នុងមន្ទីពេទ្យមាន ចំនួន ៨០ ៦៧២ នាក់ ។

ចំណែកស្រ្តីមានផ្ទៃពោះដែលបានមកពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព (មន្ទីរពេទ្យជ័យវរ្ម័នទី ៧) មានចំនួន ៦២ ៥៣៩ នាក់ ។ ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦ នាក់, ស្រ្តីមកសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន ២ ៩០០ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០ នាក់ និងវះកាត់សរុប ២៣ ៨៥៥ នាក់ ។

លើសពីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យបានរៀបចំសម្រួលហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ សម្រាប់ព្យាបាលអ្នកជំងឺដែលរកឃើញមេរោគកូវីដ-១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាប ផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានវាយតម្លៃខ្ពស់លើការខិតខំប្រឹងប្រែងបំពេញការងាររបស់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ និងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញការងារដ៏មានសារៈសំខាន់នេះថែមទៀត ដើម្បីចូលរួមកសាង និងអភិវឌ្ឍទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ស្របតាមពាក្យស្លោក «ភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា» ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» អគ្គបណ្ឌិតសភាចារ្យ
បានជំរុញឱ្យបន្តផ្តោតសំខាន់លើការអនុវត្តសកម្មភាពបំផុសចលនាកៀរគរការបរិច្ចាគ ជាពិសេសក្នុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ ត្រូវបំផុសសកម្មភាពកៀរគរតាមរយៈអនឡាញ ដូចជាការជម្រុញការទទួលការបរិច្ចាគតាមប្រព័ន្ធឌីជីថលបែប E-donation បន្ថែមទៀត, បង្កើនការផ្សព្វផ្សាយដែលមានភាពសម្បូរបែប បន្ត និងពង្រីកយុទ្ធនាការ និងកម្មវិធីបំផុស និងកៀរករការបរិច្ខាគនានា ជាពិសេសកម្មវិធីដែលមានការចូលរួមសហការ និងគាំទ្រដោយបណ្តាក្រុមហ៊ុននានា, និង បន្តដាក់ និងគ្រប់គ្រងហិបទទួលការបរិច្ចាគនៅតាមទីសាធារណៈ ជាពិសេស ផ្សារទំនើប ភោជនីយដ្ឋាន និងក្រុមហ៊ុននានា។

តាមរបាយការណ៍ពី មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» ទទួលបានថវិកាបរិច្ចាគ ប្រមាណ ១៨ .៥ លានដុល្លារអាមេរិក កើនឡើង ១១,៦% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដោយទទួលបានពីសមាជិកសរុបចំនួនជាង ១៥០ ០០០ នាក់ ។ ថវិកាទាំងនេះបានមកពីប្រភពនានាដូចជា៖ វិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២១ «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួនប្រមាណ ៤,៥ លានដុល្លារអាមេរិក៕