(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា ក្នុងការចូលរួមចំណែកកសាង អាស៊ានបៃតង និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន កម្ពុជាបាននឹងខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកទឹកចិត្ត វិនិយោគគិន ដែលវិនិយោគផ្តោតលើការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (2nd Ministerial Conference of the OECD Southeast Asia Regional Programme) ដែលបានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “អនាគតដែលផ្តោតលើមនុស្ស៖ ភាពជាដៃគូសម្រាប់អាស៊ានកាន់តែឆ្លាតវៃ បៃតង និងបរិយាប័ន្ន” (A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។ ក្នុងសន្និសីទនេះផ្ត ល់ឱកាសជូនរដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសមាជិកអង្គការ OECD ធ្វើការកំណត់អត្តសញ្ញាណបញ្ហាប្រឈមផ្នែកឌីជីថល បរិស្ថាន និងសង្គម ដែលប្រទេសក្នុងតំបន់បាននិងកំពុងជួបប្រទះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ និងពិភាក្សាអំពី ការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។

ថ្លែងក្នុងបទអន្តរាគមន៍លើប្រធានបទ ការធានាការស្តារឡើងវិញប្រកបដោយភាពបៃតងដើម្បី អាស៊ានដែលមានភាពធន់ លោក សុខ ចិន្តាសោភា បានលើកឡើងនូវវិធានការជាក់ស្តែងមួយចំនួនដែលរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញរួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និង ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលឈរលើសសរស្តម្ភចំនួន ៣ (3Rs) ។

លោកបានបញ្ជាក់បន្ថែមថាសម្រាប់សសរស្តម្ភ ការកសាងភាពធន់ រាជរដ្ឋាភិបាលពង្រឹងការត្រៀមខ្លួននិងឆ្លើយតប ដើម្បីធានាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតលើការកសាងធនធានមនុស្ស, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយរួមបញ្ចូលការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងផងដែរ។

ជាមួយគ្នានេះលោកបានលើកឡើងពីច្បាប់ស្តីពីវិយោគថ្មីដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបញ្ញត្តិស្តីពីការលើកទឹកចិត្តនៃច្បាប់នេះបានចែងពីវិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ ត្រូវបានទទួលការលើកទឹកចិត្ត ក្នុងនោះរួមមានការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ក៏ដូចជា ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថាថា កម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តន៍ផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ដោយបច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា ដែលនេះគឺជាមោទនភាពរបស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ។ នៅឆ្នាំ ២០២២នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជា មាន ៨,៥លានហិកតា ស្មើនឹង ៤៦,៨៦ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។

សូមជម្រាបថា កម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD មានប្រទេសកូរ៉េ និងថៃ ជា សហប្រធាន នៅក្នុងដំណាក់កាលទី២នេះ ហើយសម្រាប់ដំណាក់កាលបន្ទាប់ ប្រទេសអូស្រា្តលី និងវៀតណាម នឹងធ្វើជាសហប្រធានក្នុងរយៈពេល ៤ឆ្នាំ ៕