Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ៖ ក្រុមហ៊ុនដឹកជញ្ជូនយល់ព្រម កាត់បន្ថយតម្លៃដឹកជញ្ជូន១០ដុល្លារ ក្នុង១កុងតឺន័រ៤០ហ្វីត

29-04-2016 13:11

(ភ្នំពេញ)៖ លទ្ធផលនៃការពិភាក្សាជាមួយ ក្រុមហ៊ុនដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីការបញ្ចុះតម្លៃដឹកជញ្ជូនបានចេញជារូបរាងហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនយល់ព្រមបញ្ចុះតម្លៃដឹកជញ្ជូន១០ដុល្លារ ក្នុងមួយកុងតឺន័រ ៤០ហ្វីត។

យោងតាងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណការ ទើបចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ តំណាងវិស័យឧស្សាហកម្មដឹកជញ្ជូនកម្ពុជា ដែលរួមមាន៖ សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជា (CAMTA) សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) សមាគមរថយន្តក្រុងកម្ពុជា (CAMBA)។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំមួយដើម្បី ពិភាក្សាបន្ថែមទៀតអំពីបញ្ហាប្រឈម ដែលបានជួបប្រទះដោយវិស័យឧស្សាហកម្មដឹកជញ្ជូន ក្នុងគោលបំណងស្វែងរកដំណោះស្រាយ ដែលអាចធ្វើបានដើម្បីកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឲ្យតំណាងឧស្សាហកម្មដឹកជញ្ជូន កាត់បន្ថយថ្លៃដឹកជញ្ជូនរបស់ខ្លួន ឲ្យស្របទៅនឹងការធ្លាក់ចុះតម្លៃប្រេង ការលុបចោលការយកលុយ សម្រាប់ការប្រើប្រាស់ផ្លូវជាតិលេខ៤ និងការកាត់បន្ថយថ្លៃ លើកដាក់ទំនិញនៅកំពង់ផែចំនួន១០% ។ យោងតាមលទ្ធផល នៃកិច្ចប្រជុំនេះឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ បានយល់ព្រមកាត់បន្ថយតម្លៃដឹកជញ្ជូន ចំនួន១០ដុល្លារ ក្នុងមួយកុងទ័រណឺ៤០ហ្វីត។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យក្រុមហ៊ុនដឹកជញ្ជូន ដាក់របាយការណ៍ជាក់លាក់របស់ខ្លួន មកក្រសួងដោយរៀបរាប់អំពី ការចំណាយលម្អិត នៃប្រតិបត្តិការ ដើម្បីឲ្យក្រសួងធ្វើការកំណត់ពីរបៀប បន្ថយថ្លៃដឹកជញ្ជូនបន្ថែមទៀត៕