Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រកាសស្វែងរកអ្នកមកជំនួស តំណែងកូនប្រុសលោកទាំង២ ដែលទើបនឹងតែងតាំង បើសិនប្រឡងឈ្នះ

29-04-2016 12:35

(ភ្នំពេញ)៖ ឆ្លើយតបនឹងការរិះគន់ទាំងឡាយ របស់មជ្ឈដ្ឋានជាច្រើន តាមបណ្តាញសារព័ត៌មាន និងតាមបណ្តាញ Facebook ស្តីពីការ តែងតាំងកូនប្រុសទាំង២នាក់ របស់លោកជាឧបការី នៅក្នុងអង្គភាព ប្រឆាំងអំពើពុករលួយនោះ នៅថ្ងៃនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានចេញមកប្រកាសស្វែងអ្នកដែលមានសមត្ថភាព ជាងកូនប្រុសទាំង២នាក់ របស់លោក។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ប្រើសិនអ្នកណាក៏ដោយ អាចប្រឡងឈ្នះកូនប្រុសលោកទាំង២នាក់ នោះតំណែងនឹងប្រគល់ជូន អ្នកនោះភ្លាម។

លោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់ក្រុមសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះថា កូនប្រុសទាំង២នាក់ របស់លោកមានជំនាញ៣យ៉ាង រួមមាន ភាសាអង់គ្លេស បាញ់ស្នេប (Sniper) និងការស៊ើបអង្កេត។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅ  ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន១៨រូប ឲ្យមានឋានៈស្មើអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋមន្ត្រីផងដែរ។ ក្នុងនោះមានមន្រ្តី២នាក់ ជាកូនប្រុសបង្កើតរបស់លោក ឱម យ៉ិនទៀង រួមមាន ឈ្មោះ យ៉ិនទៀង ពុទ្ធារិទ្ធ ឋានៈស្មើរដ្ឋលេខាធិការ និងឈ្មោះ យ៉ិនទៀង ពុទ្ធារ៉ា ឋានៈស្មើអនុរដ្ឋលេខាធិការ៕