(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទវគ្គបណ្តុះបណ្តាល ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត។

ការបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ត្រូវបានបិទបញ្ចប់ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនោះ លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា គ.ជ.ប ធ្លាប់បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៤លើករួចមកហើយ។ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ត្រូវរៀបចំដាក់ពាក្យចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយដោយដៃទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដូចដែលគណបក្សនយោបាយធ្លាប់បានអនុវត្តកន្លងមក។

ប្រធាន គ.ជ.ប បានបន្តថា គណបក្សនយោបាយអាចស្នើសុំ គ.ជ.ប បង្កើតគណនីប្រើប្រាស់សម្រាប់រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមកម្មវិធីរបស់ គ.ជ.ប។

លោក ប្រាជ្ញ ចន្ទ ក៏បានលើកឡើងថា បច្ចេកវិទ្យាដែល គ.ជ.ប បានប្រើសម្រាប់ការចុះឈ្មោះបោះឆ្នោត គឺទទួលបានលទ្ធផលល្អ ហើយឥឡូវនេះ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយទៀត គឺកម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

ជាមួយគ្នានេះដែរ ប្រធាន គ.ជ.ប បានបន្តថា ការបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលទាមទារឱ្យមន្ត្រីបោះឆ្នោត គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសខ្ពស់ ក្នុងការអនុវត្តការងារបោះឆ្នោតឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។

លោកក៏បានណែនាំដល់លោក លោកស្រី ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លគធ.ខប) ទាំង ២៥ យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់របស់ខ្លួន ដើម្បីធានាការអនុវត្តតួនាទី និងភារកិច្ច ទទួលបានជោគជ័យ។

លោក ប្រាជ្ញ ចន្ទ សង្ឃឹមថា គ្រប់គណបក្សនយោបាយ ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ។

សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ គ.ជ.ប មានមន្ត្រី បោះឆ្នោតមកពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) លេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ តំណាងគណបក្សនយោបាយចំនួន១៦ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ដែលមានអ្នកចូលរួមប្រមាណ ១៣៦នាក់។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានរយៈពេលបីថ្ងៃ គឺពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ហើយការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនេះធ្វើនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត៕