(រតនគិរី)៖ អាជ្ញាធរសង្កាត់ និងសហគមន៍រមណីយដ្ឋានទឹកជ្រោះកាចាញ ខេត្តរតនគិរី បាននាំគ្នារៀបចំសួនច្បារដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ចៅសង្កាត់កាចាញ លោក ទន់ ពៅ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា សួនច្បារដែលរៀបចំកសាងនេះគ្រោងចំណាយថវិកាចំនួន៥-៦លានរៀល ដែលថវិកាទាំងនេះជាថវិកាសហគមន៍ប្រមូលបានពីការលក់សំបុត្រចូលលទស្សនារបស់ភ្ញៀវ។

លោក ទន់ ពៅ ប្រាប់បន្តថា រមណីដ្ឋានទឹកជ្រោះកាចាញមានចម្ងាយប្រមាណ៤គីឡូម៉ែត្រពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៧៨ មានទំហំជាង៤ហិកតា ស្ថិតក្នុងភូមិ២សង្កាត់កាចាញក្រុងបានលុង មានភ្ញៀវក្នុងស្រុក និងមកពីបណ្តាខេត្តផ្សេងៗចេញចូលជាហូរហែ ជាពិសេសថ្ងៃសម្រាកថ្ងៃសៅរ៍ អាទិត្យ ដោយតម្លៃម្ហូបអាហារសមរម្យ។

លោក ទន់ ពៅ បានបន្ថែមឲ្យដឹងទៀតថា ក្រៅពីរៀបចំសួនច្បារនោះសហគមន៍ទឹកជ្រោះកាចាញរៀបចំអនាម័យ បរិស្ថាន និងសាងសង់បន្ទប់អនាម័យបន្ថែមទៀតងាយស្រួលភ្ញៀវមកកម្សាន្តប្រកបដោយផាកសុខភាព។

លោក ទន់ ពៅ បញ្ជាក់ឲ្យដឹងទៀតថា សមិទ្ធផលជាច្រើនក្នុងអាណត្តិលោកជាចៅសង្កាត់ ដូចជា ផ្លូវបេតុងជាង១ពាន់ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហមជាង៣០គីឡូម៉ែត្រដែលដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។

លោកចៅសង្កាត់រូបនេះបានសំណូមពរឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ជួយថែរក្សាអភិរក្សព្រៃឈើចម្រុះដែលបន្សល់ទុកពីដូនតានៅជុំវិញរមណីយដ្ឋានទឹកជ្រោះកាចាញនេះ៕