(ក្រចេះ)៖ មន្រ្តីខណ្ឌរដ្ឋបាលជលផល សហការជាមួយក្រុមឆ្មាំទន្លេសហគមន៍នេសាទកោះផ្ដៅ និងកម្លាំងនគរបាលស្រុកសំបូរ នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ក្រាបបទល្មើសឆក់ត្រី ក្នុងទន្លេមេគង្គ ដោយខ្លួនជនសង្ស័យចំនួន២នាក់ និងវត្ថុតាងនៅចំណុចភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា កម្លាំងចម្រុះបានចុះល្បាតត្រួតពិនិត្យចាប់ពីកន្ទុយកោះដំឡូងឡើងទៅលើ ហើយក៏ជួបប្រទះបទល្មើសឆក់ត្រីមួយករណី ហើយកម្លាំងសមត្ថកិច្ច បានធ្វើការដេញបង្រ្កាប ដោយឃាត់ចាប់បានជនសង្ស័យដែលជាមុខសញ្ញាឆក់ត្រីចំនួន២នាក់ ដោយប្រើប្រាស់ទូកចំនួន២គ្រឿង អាំងវទ័រប្រភេទឆក់ស្រូបចំនួន១ អាគុយ៧០អំពែរមួយកន្ទ្រកដងត្រីមួយ និងមានត្រីមួយចំនួនជាវត្ថុតាងផងដែរ។
លោកនាយខណ្ឌបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកខណ្ឌជលផលក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងក្រចេះចាត់ការតាមនីតិវិធីនៃច្បាប់ស្ដីពីជលផល៕