(កំពង់ស្ពឺ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាបាន នាំយកទឹកទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកប្រើប្រាស់ ក្នុងភូមិសំរោងរស្មី ឃុំអង្គពពែល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦។
រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានដឹកទាំងទឹកស្អាតសម្រាប់ប្រើប្រាស់ និងទឹកបរិសុទ្ធសម្រាប់ទទួលទាន សំដៅទៅខេត្តកំពង់ស្ពឺតាំងពីម៉ោង៨ព្រឹក។ ក្រៅពីដឹកទឹកស្អាត ពីរោងចក្រស្រាបៀរកម្ពុជា រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ក៏បានបូមទឹកពីស្រះ ក្នុងវត្តចំប៉ាចារ ស្ថិតនៅចម្ងាយប្រហែលប្រាំគីឡូម៉ែត្រ ទៅចែកជូនប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។
នាយកផ្នែកទំនាក់ទំនង នៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «ឆ្នាំនេះអាកាសធាតុមានការប្រែប្រួលខុសធម្មតា ពុំមានភ្លៀងធ្លាក់ ធ្វើឲ្យស្រះទឹកខ្លះរីង បណ្ដាលឲ្យបងប្អូន យើងខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង។ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី តែងតែរួមចំណែកយ៉ាងសកម្ម ក្នុងសកម្មភាពសប្បុរសធម៌នានា ដូចជាជួយដល់មន្ទីរពេទ្យ សាលារៀន និស្សិតក្រីក្រ ជាពិសេសក្នុងគ្រាអាសន្នបែបនេះ ម្ល៉ោះហើយយើងបានបង្វែរឡាន និងបុគ្គលិកពន្លត់អគ្គីភ័យមកដឹកទឹកជួយប្រជាពលរដ្ឋវិញ»។
លោក ចែម ភឺន រីម វុទ្ធី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកគងពិសី ឲ្យដឹងថា ក្នុងចំណោមភូមិទាំង២៥០ភូមិក្នុងស្រុកនេះ ភូមិសំរោងរស្មី មានការខ្វះខាតទឹកជាងគេ។ ប្រជាជនប្រហែលជា៤៥គ្រួសារ ក្នុងចំណោមប្រជាជនជាច្រើនទៀត ដាច់ទឹកប្រើប្រាស់ខ្លាំង បន្ទាប់ពីស្រះទឹកដ៏ធំពីរត្រូវរីងស្ងួតអស់។ ប្រជាជន ដែលកំពុងមានជីវភាពខ្វះខាតផង ត្រូវទិញទឹកគេយកមកប្រើប្រាស់។
លោកបន្ថែមថា ក្រោយពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី បានចូលរួមជួយដឹកទឹកចែក ជូនប្រជាពលរដ្ឋ ខាងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សម្រេចឲ្យយកទឹកមកបរិច្ចាគ ជូនប្រជាពលរដ្ឋក្នុងភូមិនេះតែម្ដង។
ប្រជាពលរដ្ឋក្នុងភូមិសំរោងរស្មី លោក លឹម វុទ្ធី និយាយថា ក្នុងឆ្នាំនេះ ភូមិរបស់លោកខ្វះខាតទឹកខ្លាំងកម្រជួបប្រទះ។ លោកត្រូវទិញទឹកគេមួយរថយន្ត តម្លៃបីម៉ឺនរៀល ដែលប្រើបានតែមួយសប្ដាហ៍ប៉ុណ្ណោះ។ លោកអរគុណក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលបានមកដឹកទឹកចែកជូនដល់គ្រួសាររបស់លោក និងប្រជាពលរដ្ឋក្នុងភូមិរបស់លោក៕