(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការផ្សព្វផ្សាយលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. និងការពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលរងខេត្ត គណៈកម្មាធិការសកម្មភាពមីនខេត្ត (ភីម៉ាក់) និងក្រុមការងារផែនការសកម្មភាពមីន (ម៉ាពូ) នៃរដ្ឋបាលខេត្តចំនួន១៥ ដែលមានមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតាមបណ្តោយព្រំដែន ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង មេបញ្ជាការបញ្ជាការដ្ឋាន មេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពលធំ មេបញ្ជាការកងពលតូច និងនាយទាហាន ក្រោមចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបម្រើជាតិមាតុភូមិ ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនេះ។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងគោក ដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ដើម្បីចូលរួមរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសន្តិភាព ជូនជាតិមាតុភូមិ ក្រោមមគ្គុទេសក៍ដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាពិសេសការការពារពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន។ ជាងនេះទៅទៀត កងទ័ពជើងគោក បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនក្នុងភូមិសាស្រ្តរបស់ខ្លួនទទួលបាន នូវលទ្ធផលប្រកបដោយជោគជ័យ អស់រយៈពេលជិត ៣០ឆ្នាំ កន្លងមកនេះ ចាប់តាំងពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ហើយមួយជីវិតរបស់សម្តេចមានតែការស្វែងរកសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។

លោកបន្តទៀតថា ឆ្នាំ២០២២នេះ អាជ្ញាធរមីន បានទទួលការអនុញ្ញាតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីអបអរសាទរពិធីរំលឹកខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌ក្រោមអធិបតីភាពរបស់សម្តេចតេជោ។

លោកបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ កម្ពុជានៅបន្តធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាសេសសល់លើផ្ទៃដីរងការគំរាមកំហែង ដោយសារមីន/គ្រាប់ប្រមាណ ២០១៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមីនប្រមាណ ៧៨៨ គីឡូម៉ែត្រក្រឡានឹងត្រូវបញ្ចប់ដើម្បីឲ្យកម្ពុជាសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនត្រឹមឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេលជិត ៣០នេះ ព្រមទាំងបានចាត់ទុកការងារបោសសម្អាតមីន/គ្រាប់ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់របស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការស្តារលទ្ធភាពឡើងវិញនូវទីតាំងអតីតសមរភូមិ ឲ្យមានការអភិវឌ្ឍ។

លោកមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមថា កងទ័ពជើងគោក បានចូលរួមជាច្រើន ក្នុងដំណើរការរៀបចំផែនការបោសសម្អាតមីន/គ្រាប់នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយបន្ទាប់ពីទទួលបាននូវគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមលិខិតរបស់គណៈរដ្ឋមន្រ្តីលេខ ០៧ ស.ជ.ណ. កងទ័ពជើងគោក នឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥៕