(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី បានចូលរួមកម្មវិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងស្រុកបាភ្នំ ដែលបានប្រឡងជាប់ និទ្ទេសA ចំនួន៥នាក់ និង និទ្ទេសB ចំនួន៤១នាក់ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ។
ពិធីនេះបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់អ្នកតំណាងរាស្រ្ត អស់លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារស្រុក-ឃុំ សង្កាត់ ក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្រ្តីរាជការ ការិយាល័យ អង្គភាពជុំវិញស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ និង សិស្សជ័យលាភីនិទេ្ទស A និងនិទ្ទេសB ទូទាំងស្រុក ព្រមទាំងមាតា បិតាសិស្ស និងសិស្សថ្នាក់ទី១១ សរុបប្រមាណ ៣៤០នាក់ ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានការិយាល័យអប់រំយុវជន និង កីឡាស្រុក ពីស្ថានភាពទូទៅនៃការអប់រំ និងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងស្រុកបាភ្នំ និងមតិចាប់អារម្មណ៍ដោយ ក្តី រំភើបរីករាយ ព្រមទាំងប្តេជ្ញាចិត្តរបស់តំណាងសិស្សានុសិស្សជ័យលាភីរួចមក លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងនូវការកោតសរសើរអបអរសាទរ ចំពោះ លទ្ធផលល្អប្រសើរគួរជាទីមោទនៈ ដែលក្មួយៗសិស្សានុសិស្សទាំងអស់សំរេចបាននូវកាតព្វកិច្ចចំពោះខ្លួនឯង ចំពោះមាតាបិតា និងគ្រួសារ ចំពោះលោកគ្រូ អ្នកគ្រូ សាលារៀន និងសហគមន៍ ក៏ដូចជាចំពោះសង្គម ជាតិទាំងមូល ។
ដើម្បីជាការលើកទឹកចិត្តចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ លោករដ្ឋមន្រ្តីបានប្រកាសផ្តល់ជូនអាហារូបករណ៍១០០ភាគរយ ដល់ជ័យលាភីនិទេ្ទស A និង និទ្ទេស B ទាំង៤៦នាក់ សំរាប់ការសិក្សាថ្នាក់ឧត្តមសិក្សា រយៈពេល៤ឆ្នាំ បន្តទៀតទៅតាមការជ្រើសរើសរបស់សាមីខ្លួន ដែលអាហារូបករណ៍ទាំងអស់នេះទទួលបានពីការជួយឧបត្ថម្ភរបស់គ្រឹះស្ថានឧត្តមសិក្សាមួយចំនួនមានជាអាទិ៍៖ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបញ្ញាជាតិ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា វិទ្យាស្ថានក្រុងអង្គរ និង វិទ្យាស្ថានជាតិពហុបចេ្ចកទេសអង្គរ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវពុះពារសំរេចករណីយកិច្ចរបស់ខ្លួនជាទំពាំងសំរាប់អនាគតឫស្សីកម្ពុជា ដោយត្រូវចេះប្រើឱកាសដ៏ថ្លៃថ្លា ដែលទទួលបានពីសុខសន្តិភាពរបស់មាតុភូមិ តស៊ូបន្តរៀនសូត្រតាមគ្រប់រូបភាព និងគ្រប់ពេលវេលា ដើម្បីក្លាយជាអនាគតពលរដ្ឋល្អប្រកបដោយលក្ខណៈសម្បត្តិបីយ៉ាងគឺ ១, មានសុខភាពល្អ ២,មានចំណេះនិងជំនាញគ្រប់គ្រាន់ទាំងចំណេះដឹងនិងចំណេះធ្វើ ទាំងជំនាញរឹងនិងជំនាញទន់ និង៣, មានគុណធម៌ សីលធម៌ប្រពៃ ។
ជាទីបញ្ចប់ លោករដ្ឋ មន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានក្រើនរំលឹក និងអំពាវនាវដល់អ្នកចូលរួមទាំងអស់ រួមទាំងសិស្សានុសិស្សនិងអាណាព្យាបាល ត្រូវបន្តចូលរួមក្នុងចលនាជាតិ ក្រោមមគ្គុទេសក៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធទប់ស្កាត់គ្រប់គ្រងកូវីដ១៩ និងដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជំងឺដ៏កាចសាហាវនេះ សំដៅរក្សាសន្ទុះបើកសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ឱ្យឈានទៅមុខយ៉ាងរឹងមាំជាលំដាប់ សំរាប់ជំរុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពរ បស់មាតុភូមិ និងប្រជាជនយើងជាដរាបតរៀងទៅ៕