(កោះកុង)៖ លោក ផៃធូន អភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងលោក កែវ វិចិត្រ មេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងកោះកុង រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានចុះជួយចែកទឹកជូន ប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ នៅភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ៥០គ្រួសារ ដែលរស់នៅតំបន់ដាច់ស្រយាល កុំពង់ខ្វះទឹកប្រើប្រាស់។
លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានសំណេះសំណាល់ជាមួយ ប្រជាពលរដ្ឋថា ដោយមានការទទួលព័ត៌មាន ប្រជាពលរដ្ឋនៅភាពកង្វះទឹក ប្រើប្រាស់ប្រចាំថ្ងៃ ហើយជាតំបន់ដាច់ស្រយាលទៀតផងនោះ លោកក៏ចុះមកផ្ទាល់រួមទាំងក្រុមការងារ បានដឹកទឹកជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីដោះស្រាយក្នុងគ្រួសារបងប្អូន។
លោកបានបន្តថា ទោះបីការផ្តល់ទឹក ជូនបងប្អូនទឹកប្រើប្រាស់ថ្ងៃនេះ វាមិនគ្រប់ទៅតាមតម្រូវការគ្រប់គ្រាន់មែន តែវាអាចជួយបានក្នុងគ្រួសារ បានមួយគ្រាដែរ ហើយ លោកនឹងជួយបងប្អូនបន្តទៀត នៅពេលជួបបញ្ហាទៀត ហើយការផ្តល់ទឹកនេះ ក្រុមការងារផ្តល់ជូនគ្រប់ទីកន្លែង ឲ្យតែឲ្យតែលោកបានទទួលព័ត៌មានពីបងប្អូន។
លោកសូមឲ្យបងប្អូនទាំងអស់ត្រូវចេះសន្សំសំចៃ ក្នុងការប្រើប្រាស់ទឹក ព្រោះខែនេះជាខែក្តៅរីងស្ងួត មិនតែខេត្តកោះកុងទេ ដែលមានភាពកង្វះទឹក គឺខ្វះទឹកប្រើប្រាស់ទូទាំងប្រទេស។ លោកសូមសម្តែងអំណរគុណ ទៅសហគមន៏ទទួលគគី ដែលផ្តល់ទឹកជូនក្រុមការងារ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋ៕