(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច បានបោះឆ្នោតសម្រេចជ្រើសតាំងឱ្យធ្វើជាប្រធានគណបក្ស នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ការរៀបចំធ្វើសមាជគណបក្សហ្វ៊ុនស៉ិនប៉ិច ត្រូវបានធ្វើឡើងនៅព្រះដំណាក់វាលស្បូវ លេខA២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកគណបក្ស និងសមាជិក សមាជិកា យ៉ាងច្រើនកុះករផងដែរ។

គណបក្សហ៊្វុនស៊ិនប៉ិច បានអវត្តមានប្រធានបក្ស រយៈពេលប្រមាណ៣ខែមកហើយ បន្ទាប់ពី សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនេះ បានយាងចូលទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចការងារបក្ស ត្រូវបានចាត់ចែងដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ខណៈផ្ទៃក្នុងនៃថ្នាក់ដឹកនាំបក្សនេះ មានភាពចម្រូងចម្រាស់នៅឡើយ។

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលធ្លាប់ជាគណបក្សធំមួយ ហើយធ្លាប់ចូលរួមដឹកនាំរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ បានចុះខ្សោយជាបន្តបន្ទាប់រហូតដល់គ្មានអសនៈទាល់តែសោះ នៅក្នុងរដ្ឋសភា ដោយសារតែការបែកបាក់ផ្ទៃក្នុងរហូតមក៕