(បាត់ដំបង)៖ សត្វស្វាខ្មៅ និងសត្វទោចរាប់សិបក្បាល បានដេកងាប់នៅក្នុងព្រៃរនាម នាមាត់បឹងទន្លេសាប ដែលគោករីងហួតហែងទំនង បណ្ដាលមកពីអត់ទឹកផឹក ច្រើនថ្ងៃហើយត្រូវបានអ្នកស្រុកប្រទះឃើញរាយការណ៍ ទៅមន្ត្រីអាជ្ញាធរជំនាញចុះទៅត្រួតពិនិត្យមើល។
ការប្រទះឃើញសត្វស្វាជាច្រើនក្បាល ដេកងាប់ពេញព្រៃរនាម នាមាត់បឹងទន្លេសាបដែលរីងទឹកហួតហែងនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ ស្ថិតនៅតំបន់ បឹងស្នោ បឹងរណ្តៅគ្រាប់បែក និងបឹងត្រោះ ដែលរាំងស្ងួតហួតហែង តាំងពីមានភ្លើងឆេះព្រៃ នៅចំណុចម្តុំវាលដូនអំ ឃុំព្រែកលួង ស្រុកឯកភ្នំ ចំងាយ៤០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។ ក្នុងនោះតាមមន្ត្រី សហគមន៏បានអោយដឹងថាយ៉ាងហោចណាស់ ក៏មានសាកសពសត្វស្វាខ្មៅជាង៣០ក្បាលដែរ ត្រូវបានគេរកឃើញងាប់ជាយូរថ្ងៃ មកហើយនៅតាមថ្លុកដែលរីងគោកបែកក្រហែង និងនៅលើដើមឈើតូចៗ។
មូលហេតុដែលធ្វើអោយសត្វស្វាទាំងនេះដេកងាប់ គឺទំនងដោយសារតែពួកវាបានរត់ភៀសខ្លួន ពីតំបន់ដែលមានភ្លើងឆេះព្រៃ មករកជម្រក និងទឹកផឹកតែដោយសារឆ្នាំនេះ មានភាពរាំងស្ងួតខ្លាំង ធ្វើអោយបឹងបួតូចៗមួយចំនួនត្រូវរាំងស្ងួតអស់ ទើបធ្វើអោយសត្វសា្វទាំងនោះ ដេកងាប់ដោយសារអត់ទឹក និងក្តៅខ្លាំងពុំមានជម្រកជ្រក។
នេះបើតាមការណ៍រៀបរាប់របស់ លោក ហោ សំអាតដែលជាតំណាងសហគមន៍នេសាទស្តីក្រោមរហាល់សួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ក្នុងខេត្តបាត់ដំបង។
រូបថត និងវិដេអូរបស់លោកសំអាតជាច្រើន ដែលបានបង្ហោះក្នុងបណ្តាញសង្គម Facebook បានរៀបរាប់ពីមូលហេតុដែលស្វានេះងាប់
និងពីសម្មភាពសហគមន៍ចុះទៅជួយធ្វើថ្លុកសិប្បនិម្មិតសម្រាប់អោយសត្វស្វានៅរស់ដែលកំពុងសែ្វងរកទឹកផឹក។
តំបន់វាលដូនអំនេះពីមុនមកមិនមានភ្លើងឆេះព្រៃច្រើននោះទេ តែឆ្នាំនេះភ្លើងឆេះព្រៃស្ទើតែទាំងអស់ ដែលធ្វើអោយសត្វព្រៃរត់ចេញទៅរកទី ដែលមានជម្រក ជាពិសេសគឺរកទឹកផឹក។
បើទោះបីជាកន្លែងភាគច្រើននៅតំបន់វាលដូនអំ ស្ទើតែគ្មានទឹកនៅក្នុងបឹងបួមួយចំនួនក្តី តែសហគមន៍នេសាទមួយនេះបានធ្វើការថែរក្សា និងអភិរក្សព្រៃសហគមន៍ឋិតក្នុងតំបន់ រាំងពេនបីត។ តំបន់នេះក្លាយជាជម្រកសត្វព្រៃ ដូចជាសត្វស្វាខ្មៅកម្រនេះ រត់ចេញពីភ្លើងឆេះព្រៃ ទៅរកទឹកផឹក និងរកចំណីអាហារបានដោយបរិបូរណ៏៕