(កំពង់ឆ្នាំង)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយកងម្លាំង កងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច ដឹកនាំដោយលោកវរៈសេនីយ៍ទោ និល ប៊ុនធឿន នៅម៉ោង១១៖៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចផ្ទះឈ្មោះ ហ៊ីម ជុំ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស៤នាក់ និងវត្ថុតាងម៉ាទឹកកក៣០កញ្ចប់តូច។
លោក ស្រី ស៊ីថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នេះថា កម្លាំងអាវុធហត្ថប្រមាណ១២នាក់ ក្រោមការចង្អុលបង្ហាញ ពីមេបញ្ជាការអាវុធខេត្ត លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដោយមាន ការសម្របសម្រួល ពីព្រះរាជអាជ្ញារង លោក គឹម ហុងសាន្ត ឈានដល់ប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ១-ឈ្មោះ ហ៊ីម អាលី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករលីស្រូវ មានទីលំនៅភូមិឃុំកើតហេតុខាងលើ, ២-ឈ្មោះ ម៉ាត់ ពីសាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ, ៣-ឈ្មោះ ស គឹមយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងទី៤-ឈ្មោះ ហ៊ីម ជុំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាម្ចាស់ផ្ទះ ។
ដោយឡែកវត្ថុតាងបទល្មើសជាក់ស្តែង សមត្ថកិច្ចរឹបអូសបាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣០កញ្ចប់តូច ស្មើ២.៧៣ក្រាម កាំបិត៣ ដាវ១ ទូរស័ព្ទដៃ៣គ្រឿង កាំបិតដៃ១ ជញ្ជីងថ្លឹងថ្នាំញៀន១ ក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ ៥០ដុល្លារ១សន្លឹក ប្រាក់រៀល ៦១០០រៀល ខ្សែដៃលោហធាតុពណ៌លឿង (ក្រឡៃ) ១ខ្សែ ចិញ្ចៀនក្រឡៃ១វង់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។
ជនសង្ស័យទាំង៤នាក់ខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង នៅទីបញ្ជាការអាវុធហត្ថខេត្ត និងត្រូវបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ៕