(កំពង់ឆ្នាំង)៖ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វាព្រះធម្មវង្សាធិបតីព្រះមេគណខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ្យ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២នេះ បាននិមន្តប្រកាសតែងតាំងព្រះចៅអធិកាវត្ត ៤អង្គ ក្នុងស្រុករលាប្អៀរ ជាជំនួយការសាលាគណខេត្តកំពង់ឆ្នាំង បន្ថែមលើមុខងារ។

ពិធីនេះក៏មានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ នុច មុនី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តកំពង់ឆ្នាំង, ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុករលាប្អៀរ, លោក សរ លាង ប្រធានមន្ទីធម្មការសាសនខេត្តកំពង់ឆ្នាំង រួមទាំងព្រះចៅអធិកាវត្ត ជាច្រើនអង្គទៀត។

មានសង្ឃដីការនាឱកាសនោះ ព្រះទេពមុនី សុខ ថាន បញ្ជាក់ថា ការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធ នៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា និងដើម្បីជម្រុញការកសាង និងអភិវឌ្ឍន៍សមិទ្ធផលនានា និងកិច្ចការងារឯកសារគតិ យុត្តិអនុវត្តបានត្រឹមត្រូវ តាមនិតិវិធីរដ្ឋបាលសង្ឃដែលថ្នាក់លើបានកំណត់។

លោក សរ លាង ក៏បានផ្ដាំផ្ញើរដល់មន្រ្តីសង្ឃទាំង៤ព្រះអង្គ ដែលទើបនឹងតែងតាំងថ្មី ត្រូវសហការសាមគ្គីជាមួយមន្រ្តីសង្ឃខេត្ត ជាសេនាធិការឱ្យបានល្អ គឺត្រូវប្រតិបត្តិតាមតួនាទីភារកិច្ច ដែលសាលាគណខេត្តបានប្រគេនឱ្យនាពេលនេះ។

យោងសេចក្តីសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងព្រះចៅអធិកាវត្ត ៤អង្គ ឱ្យឡើងទីជាជំនួយការសាលាគណខេត្តកំពង់ឆ្នាំង រួមមាន៖

* ទី១៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្តេច នន្ទង៉ែតសែនជ័យសត្ថារាម ហៅ វត្តក្រឡាញ់ចាស់។

* ទី២៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្តគិរីធម្មរាជ។

* ទី៣៖ ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះចៅអធិការវត្ត បល្ល័ង្ក។

* ទី៤៖ ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះចៅអធិការវត្តទ្រា៕