(រុស្ស៊ី)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ក្រៅផ្លូវការរួចមក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូចូលជួប ពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សយ ហ្គូ រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ី នៅក្រសួងការពារប្រទេសរុស្ស៊ី នាទីក្រុងម៉ូស្គូ។
គេហទំព័រក្រសួងការពារជាតិកម្ពុជា បានចុះផ្សាយថា លោក សយ ហ្គូ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានចាត់ទុកជំនួបនាពេលនេះ ជាជំនួបប្រវត្តិសាស្ត្រ ពីព្រោះជំនួបរវាងរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា មិនដែលធ្លាប់មានសោះ នារយៈពេលកន្លងមក។
លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបន្តថា ក្នុងខែឧសភា ឆ្នាំ២០១៦ខាងមុខ គឺគំរប់ខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនេះ លោកដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងនិងពង្រឹងកិច្ច សហប្រតិបត្តិការរបស់យើងឲ្យបានកាន់តែប្រសើរឡើងថែមទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការ វិស័យបច្ចេកទេសយោធារ វាងកងទ័ពទាំងពីរ យើងអាចពួតដៃគ្នាបានក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មផងដែរ»។
លោករដ្ឋមន្ត្រីក្រសួងការពារ ប្រទេសរុស្ស៊ី ក៏បានសំដែងនូវក្តីសោមនស្សរីករាយ ចំពោះការចូលចតនាវាកងទ័ពជើងទឹករុស្ស៊ី នៅកំពង់ផែក្រុងព្រះសីហនុ ហើយត្រូវបានទទួលការធ្វើ បដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅពីភាគីកម្ពុជា ស្របពេលដែលគណៈប្រតិភូ ក្រសួងការពារជាតិកម្ពុជា កំពុងបំពេញទស្សនៈកិច្ច នៅសហពន្ធ័រុស្ស៊ី។ទាក់ទងទៅនឹងការបណ្តុះបណ្តាល សិក្ខាកាមមយោធាកម្ពុជា លោករដ្ឋមន្ត្រីនបញ្ជាក់ថា «បច្ចុប្បន្ននេះមានសិក្ខាកាមកងយោធពលខេមរភូមិន្ទ កំពុងសិក្សានៅរុស្ស៊ីចំនួនជាង២០០នាក់ ហើយរុស្ស៊ីកំពង់ពិចារណា ផ្តល់អាហាររូបករណ៍ ដល់សិក្ខាកាម កងយោធពលខេមរភូមិន្ទ បន្ថែមទៀតនៅក្នុងឆ្នាំនេះ។
នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរុស្ស៊ីក្រៅផ្លូវការ នាពេលនេះ គឺជាកិច្ចប្រជុំលើកទី១ និងជាកិច្ចប្រជុំសំខាន់ផងដែរ ដែលបានឆ្លើយតបពីអាស៊ាន និងរៀបចំឡើងដោយរុស្ស៊ី។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការចូលចតនាវាកងទ័ពជើងទឹករុស្ស៊ីនៅកម្ពុជានោះ បានអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុក បានយ៉ាងល្អប្រសើរ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងអំណរគុណ ដល់ក្រសួងការពារប្រទេសរុស្ស៊ី ចំពោះការទទួលយកសិក្ខាកាម កងយោធពលខេមរភូមិន្ទ មកបណ្តុះបណ្តាលនៅរុស្ស៊ី ក្រោមការយកចិត្តទុកដាក់ពីរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា តាមរយៈការជួយបណ្តុះបណ្តាលរបស់រុស្ស៊ី ដល់ កងយោធពលខេមរភូមិន្ទ ពេលកន្លងមកបានរួមចំណែកបង្កើន សមត្ថភាពដល់ កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួន ក៏ដូចជាការចូលរួមចំណែកបំពេញ បេសកកម្មរក្សាសន្តិភាពលើពិភពលោកផងដែរ៕