(កោះកុង)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ បានអញ្ជើញចូលរួមប្រគល់ស៊ូរ៉ាវ ជូនបងប្អូនសាសនិកឥស្លាមទុកសម្រាប់ជាទីកន្លែងគោរពប្រតិបត្តិសាសនា និងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន២៣០គ្រួសារដែលរងផងប៉ះពាល់ដោយជំងឺកូវីដ១៩។

អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋ ចំនួន២៣០គ្រួសារ មាន នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីម៉ា ចំនួន៨០គ្រួសារ និងចំនួន១៥០គ្រួសារ ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

នៅក្នុងពិធីសំណេះសំណាល លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់តំណាងម្ចាស់ជំនួយដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ជីវភាពដោយជំងឺកូវីដ១៩ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសុខសន្តិភាព បន្តការគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការខិតខំពង្រឹងមូលដ្ឋានរបស់ខ្លួន និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យបន្តខិតខំថែរក្សាការពារជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តអនុវត្ត ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

បន្ទាប់ពីនោះ លោកបានឧបត្ថម្ភថវិកាជូនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងប្រជាការពារ ចំនួន៤០០,០០០រៀល និងបាននាំថវិការបស់លោក អូស្មាន ហាស្សាន់ ផ្តល់ជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅផ្ទះចំនួន ១,០០០,០០០រៀលផងដែរ។ គួរជម្រាបផងដែរថា សមិទ្ធផល និងអំណោយជាកញ្ចប់អាហារខាងលើ បានចំណាយអស់ថវិកាសរុប៩២,២៦២,០០០រៀល៕