(ស្ទឹងត្រែង)៖ ក្រសួងផែនការ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រៀបចំសិក្ខាសាលាពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់នឹងគោលនយោបាយរវាងអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ និងមន្ទីរផែនការរាជធានី-ខេត្ត ក្រោមអធិបតីភាពលោក ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការនៃក្រសួងផែនការ។

លោក ប៉ូច ប៊ុណ្ណាក់ បានលើកឡើងថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១ និងសកម្មភាពការងារឆ្នាំ២០២២ និងតាមដានត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ របស់ការិយាល័យប្រជាជននិងការអភិវឌ្ឍរបស់មន្ទីររាជធានី-ខេត្ត។

ដោយក្នុងនោះ លោកក៏បានបញ្ចាក់បន្ថែមថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះក៏ដើម្បីបន្តពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីថ្នាក់ក្រោមជាតិក្នុងការស្វែងយល់ស៊ីជម្រៅ ស្តីពីគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ និងបង្កើតសូចនាករប្រជាសាស្ត្រធ្វើការវិភាគបង្កើតក្រាហ្វិក និងបកស្រាយទិន្នន័យសម្រាប់ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រាជធានី-ខេត្ត និងដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធពីអន្តរវិស័យ ដើម្បីផលិតរបាយការណ៍ប្រជាសាស្តតាមបណ្តាខេត្តនីមួយៗ។

លោករដ្ឋលេខាធិការក៏បានរំលឹកថា គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក៏ត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំជាក្រុមប្រឹក្សារាជធានី-ខេត្ត អភិបាលរាជធានី-ខេត្ត និងមន្ទីរពាក់ព័ន្ធរាជធានី-ខេត្ត រួមទាំងតំណាងសង្គមស៊ីវិលទាំង២៥រាជធានី-ខេត្ត។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលសិក្ខាសាលាពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់នឹងគោលនយោបាយរវាងអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍ និងមន្ទីរផែនការរាជធានី-ខេត្ត រៀបចំឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២៕