(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី DEY បានដឹកនាំកិច្ចប្រជុំលើកទី៣របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការ ILO អង្គការ UNESCO អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។

កម្មវិធីនេះរៀបចំឡើងជាពីរផ្នែក ដោយផ្នែកទី១ជាដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលកម្មវិធី DEY នៅតាមគ្រឹះស្ថាន TVET ដែលជាដៃគូកម្មវិធី និងនៅតាមក្រុមហ៊ុន ដែលសិស្សនិស្សិតជាអ្នកទទួលផលពីកម្មវិធី និងផ្នែកទី២ ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធី DEY។

កិច្ចប្រជុំលើកទី៣នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖

* ឆ្លុះបញ្ចាំងពីលទ្ធផលនៃកម្មវិធីក្នុងរយៈពេលពីរឆ្នាំដំបូងនៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក។

* ពិនិត្យ និងអនុម័តផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំ២០២២។

* ពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការទទួលបានការចូលរួមចំណែកឱ្យបានកាន់តែច្រើនពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនសម្រាប់និរន្តរភាពនៃកម្មវិធី។

ថ្លែងក្នុងកិច្ចប្រជុំ លោក អ៉ិត សំហេង បានលើកឡើងថា បើទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏គម្រោងមួយនេះនៅតែអាចបន្តដំណើរការអនុវត្តសកម្មភាពរបស់ខ្លួនទៅមុខជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តីបន្តទៀតថា នៅក្នុងអំឡុងពេលពីរឆ្នាំនៃការអនុវត្តកម្មវិធី DEY ដំណាក់កាលទី២ នេះដែរ ក៏បានកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជនឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាកាតាលីករជំរុញឱ្យយុវជនមានលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣នេះ គណៈប្រឹក្សាភិបាលបានសម្រេច៖

* ឯកភាពកំណត់ដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តកម្មវិធី។

* អនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងដើម្បីគាំទ្រដល់ពួកគេក្នុងការជំនះទៅនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអំឡុងពេលការរីករាលត្បាតនៃជំងឺកូវីដ-១៩ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។

* កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់និរន្តរភាពនៃកម្មវិធី។

* ពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរយៈពេលមួយថ្ងៃកន្លះមកនេះ បានបង្ហាញភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយ ក៏ដូចជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងាររបស់យុវជនផងដែរ៕